តើ​ជើង​ខ្លាំង​ទាំងអស់ ឈរ​នៅ​ខេត្ត​ណា​ខ្លះ​?   Leave a comment


ភ្នំពេញ: ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នា​ពេល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ តើ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្សនយោបាយទាំង៨ ដែល​បាន​ចុះ​ឈ្មោះ​​ចូល​រួម​ការបោះឆ្នោត ជាពិសេស​ឥស្សរជន​អ្នកនយោបាយ​ល្បីៗ និងប្រធានបក្ស បាន​ឈរ​ឈ្មោះ​នៅ​មណ្ឌល​ខេត្ត​ណាខ្លះ​?
១.​គណបក្ស​សញ្ជាតិ​កម្ពុជា​៖

​លោក សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ឈរឈ្មោះ នៅ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម​។​

២.​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៖


​ នៅ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ ដែលមាន ៦ អាសនៈ គឺ​លោក ញឹក ប៊ុនឆៃ ឈរ​នៅ​លេខ​រៀង​ទី​១​។ មណ្ឌល​ខេត្ត​កំពង់ចាម មាន ១៨ អាសនៈ គឺ​សម្តេច​ព្រះ​រាជបុត្រី នរោត្តម អា​រុណ​រស្មី ឈរ​នៅ​លេខ​រៀង​ទី​១ ហើយ​លោក យូ ហុកគ្រី នៅ​លេខ​រៀង​ទី​២​។ នៅឯ​ខេត្ត​ព្រៃវែង ដែលមាន ១១ អាសនៈ គឺ​លោក សៅ រ៉ានី បាន​ឈរឈ្មោះ ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​១​។ នៅ​មណ្ឌល​ខេត្តតាកែវ ដែលមាន ៨ អាសនៈ គឺ​លោក កែវ ពុទ្ធ​រស្មី បាន​ឈរ​នៅ​លេខ​រៀង​ទី​១ ហើយ​លោក កុល ផេង ជា​បេក្ខជន​លំដាប់​លេខ​រៀង​ទី​២​។​

៣.​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៖
​ លោកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា ជា​ប្រធាន​គណបក្ស បាន​ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​កំពង់ធំ ដែលមាន ៦ អាសនៈ​។​
៤.​គណបក្ស​ប្រជាជន​កម្ពុជា​៖


​បញ្ជី​ផ្លូវការ របស់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញថា សម្តេច ជា ស៊ីម ឈរ​ឈ្មោះ​លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ ដែលមាន ១២ អាសនៈ​។ ចំណែក​សម្តេច ហេង សំរិន ឈរ​ឈ្មោះ​លំដាប់​លេខ​រៀង​ទី​១ នៅ​ខេត្ត​កំពង់ចាម ដែលមាន ១៨ អាសនៈ​។ រី​ឯ​សម្តេច ហ៊ុន សែន ដែល​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ឈរ​ឈ្មោះ​ទី​១ នៅ​ខេត្ត​កណ្តាល ដែលមាន ១១ អាសនៈ​។ ក្រៅពីនោះ បេក្ខជន​ពេញសិទ្ធិ របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​រូប​ផ្សេងទៀត ជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អតីត​ចៅហ្វាយខេត្ត និង​ក្រុម​យុវជន ដែល​ជា​កូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​រូប​ ផ្សេងទៀត​។​

៥.​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​៖
​ចំណែក​លោក ហួត រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មិន​បាន​ឈរឈ្មោះ បោះឆ្នោត​ឡើយ​។​
៦.​គណបក្ស ខ្មែរ​ឈប់​ក្រ​៖

​លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស ខ្មែរ​ឈប់​ក្រ បាន​ឈរឈ្មោះ​នៅ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​។​
៧.​គណបក្ស​សង្គ្រោះ​ជាតិ​៖

​ លោក កឹម សុខា ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម ដែលមាន ១៨ អាសនៈ​។ នៅ​បាត់ដំបង ដែលមាន ៨ អាសនៈ គឺ​លោកស្រី មូរ សុខ​ហួរ ឈរ​នៅ​លេខ​រៀង​ទី​១​។ នៅ​ខេត្ត​កំពង់ស្ពឺ ដែលមាន ៦ អាសនៈ គឺ​លោក ប៉ែន សុវណ្ណ ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​១​។ នៅ​មណ្ឌល​ខេត្ត​កណ្តាល ដែលមាន ១១ អាសនៈ គឺ​លោក អេង ឆៃអ៊ាង ឈរ​នៅ​លេខ​រៀង​ទី​១​។ នៅ​ភ្នំពេញ ដែលមាន ១២ អាសនៈ គឺ​លោកស្រី ជូ​ឡុង សូ​មូរ៉ា ភរិយា​លោក​សម​រង្ស៊ី ឈរ​នៅ​លេខ​រៀង​ទី​១ លោក យឹម សុវណ្ណ នៅ​លេខ​២ និង​លោក សុន ឆ័យ ឈរ​ឈ្មោះ​នៅ​លេខ​៣ តាម​លំដាប់លំដោយ​។ ដោយឡែក​នៅ​ខេត្ត​ព្រៃវែង ដែលមាន ១១ អាសនៈ គឺ​លោក យ៉ែម បុញ្ញ​ឫទ្ធិ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១​។ ចំណែក​លោក​ស្រី កែ សុវណ្ណ​រតន៍ ឈរ​ឈ្មោះ​នៅ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្តសៀមរាប ដែលមាន ៦ អាសនៈ​។ នៅឯ​មណ្ឌល​ខេត្ត​ព្រះសីហនុ ដែល​មាន​តែ ១​អាសនៈ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅឯ​មណ្ឌល​ខេត្ត​ប៉ៃលិន ដែល​មាន​តែ ១ អាសនៈ គឺ​លោក សួង សុភ័ណ អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សម​រង្ស៊ី ជា​បេក្ខជន​ពេញសិទ្ធិ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​ ចំណែកលោក សមរង្ស៊ី មិនបានឈរឈ្មោះទេ ព្រោះលោក ត្រូវ​បាន​តុលាការ​​ផ្តន្ទាទោស​កំបាំង​មុខ​​ដាក់​ពន្ធនាគារ​ជាង ១០ ឆ្នាំ។

៨.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​៖
​ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ឈរឈ្មោះ​ជា​បេក្ខជន​លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្តសៀមរាប ដែលមាន ៦ អាសនៈ​៕​ – See more at: http://www.cen.com.kh

បានផ្សាយ 30 ខែមិថុនា 2013 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ