លទ្ធផលបោះឆ្នោត លោកស្រី យីងឡាក់​ស៊ីណាវ៉ាត់ត្រា ឈ្នះដាច់   Leave a comment


null

ការបោះឆ្នោតដែលប្រជាពលរដ្ឋរង់ចាំអស់ជាច្រើនថ្ងៃមកនោះ បានចាប់ផ្តើមឡើងតាំងពីវេលាម៉ោង ៨ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១១ រហូតដល់ម៉ោង៣រសៀល ហើយលទ្ធផលបានបង្ហាញ ជាបន្តបន្ទាប់ថា គណបក្សភឿថៃបានឈ្នះយ៉ាងភ្លូកភ្លូកដី នៅតាមមណ្ឌលបោះឆ្នោតនានា ក្នុងចំណោមមណ្ឌលបោះឆ្នោត៩០.៨០០ម៉ឺនកន្លែង។
យោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បានបង្ហាញលទ្ធផលចុងក្រោយ ដូចតទៅ៖ គណបក្សភឿថៃទទួលបាន ២៦៤អាសនៈ, គណបក្សប្រជាធិបតេយ្យទទួលបាន១៦០អាសនៈ, គណបក្សភូមិចៃថៃ ទទួលបាន ៣៤អាសនៈ, គណបក្សឆាតថៃបាតតាណាទទួលបាន ១៩អាសនៈ, គណបក្សផ្លាងឈុន ទទួលបាន ៧អាសនៈ, គណបក្សរ៉ាក់ប្រទេសថៃទទួលបាន ៤អាសនៈ, គណបក្សជាតិផាត់តាណា ភឿផានឌីន ទទួលបាន ៧អាសនៈ, គណបក្សរ៉ាក់សន់តិ ទទួលបាន ២អាសនៈ និងគណបក្សមាតុភូមិទទួលបាន ២អាសនៈ។

សេចក្តីរាយការណ៍នានាពីប្រទេសថៃ បានឲ្យដឹងពីលទ្ធផលនាយប់ថ្ងៃទី៣ ខែកក្កដា ថា គណបក្សភឿថៃ បានទទួលអាសនៈ២៦៤ ខណៈគណបក្សប្រជាធិបតេយ្យរបស់អាប់ភីស៊ីតទទួលបាន ១៦០អាសនៈ ដូច្នេះមានន័យថា គណបក្សភឿថៃអាចបង្កើតរដ្ឋាភិបាលដោយខ្លួនឯងបាន។

បន្ទាប់ពីដឹងខ្លួនថា ចាញ់ឆ្នោតដ៏គួរឲ្យអាម៉ាស់យ៉ាងខ្លាំងនោះនាយករដ្ឋមន្រ្តីចាំផ្ទះ ដែលពោរពេញ ដោយល្បិចកលអាប់ភីស៊ីត បានចេញមកប្រកាសទទួលស្គាល់ថា គណបក្សភឿថៃ ពិតជាទទួលបាន សំឡេងឆ្នោតយ៉ាងច្រើន ហើយសម្តែងការអបអរសាទរ ចំពោះលោកស្រីយីងឡាក់ ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីស្រ្តីលើកដំបូង នៅប្រទេសថៃ។

អាប់ភីស៊ីត តាមរយះការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ទៅកាន់អ្នកគាំទ្ររបស់ខ្លួននោះ បានបញ្ជាក់ថា លោកត្រៀមធ្វើជាគណបក្សប្រឆាំង។ តែទោះជាយ៉ាងណា អាប់ភីស៊ីត បានអំពាវនាវឲ្យ គណបក្សភឿថៃ គោរពតាមគោលនយោបាយបក្សរបស់ខ្លួន ដែលបានផ្សព្វផ្សាយជូន ប្រជាពលរដ្ឋ ពេលយុទ្ធនាការបោះឆ្នោតកន្លងមក។

បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់អាប់ភីស៊ីត បានបញ្ចប់មិនដល់រយៈពេល១០នាទីផងនោះ លោកស្រី យីងឡាក់ ក្នុងទឹកមុខញញឹមពព្រាយ ក៏បានចេញមកធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អ្នកគាំទ្ររបស់ខ្លួន និងប្រជាពលរដ្ឋថៃទូទាំងប្រទេស ចំពោះលទ្ធផលដែលទទួលបានយ៉ាងត្រចះត្រចង់ សម្រាប់ការបោះឆ្នោត នៅពេលនេះ។

លោកស្រី យីងឡាក់ ដែលជាប្អូនស្រីលោកបង្កើត របស់អតីតនាយករដ្ឋមន្រ្តីថៃ ដ៏មានប្រជាប្រិយភាព ថាក់ស៊ីន បានមានប្រសាសន៍ថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើប្រជាពលរដ្ឋ ដែលបានគាំទ្រឲ្យលោកស្រី ធ្វើជានាយករដ្ឋមន្រ្តី នៃប្រទេសថៃ។ នៅក្នុងសេចក្តីថ្លែងការណ៍ តាមកញ្ចក់ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រហែលជា១០នាទី លោកស្រី ដែលមានទឹកមុខស្រស់ស្រាយរូបនេះ បានបញ្ជាក់ថា លោកស្រីនឹងគោរពតាមគោលនយោបាយ របស់គណបក្សភឿថៃ ដែលបានផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ នាពេលកន្លងមកនោះ។

អតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន បានទូរស័ព្ទ អបអរសាទរដល់ប្អូនស្រីរបស់លោក ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីស្រ្តីលើកដំបូងបង្អស់របស់ប្រទេសថៃ បន្ទាប់ពីគណបក្សភឿថៃឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។

លោកស្រី យីងឡាក់ ត្រូវបានទីភ្នាក់ងាររ៉យទ័រ ដកស្រង់សម្តីថា «លោកថាក់ស៊ីន បានទូរស័ព្ទមកខ្ញុំ ដើម្បីអបអរសាទរ និងលើកទឹកចិត្តខ្ញុំ។ គាត់ប្រាប់ខ្ញុំថា នៅមានការងារលំបាកច្រើននាក់ចំពោះមុខយើង»។

លោកថាក់ស៊ីន បានថ្លែងតាមទូរទស្សន៍ប៉ុស្តិ៍លេខ៣ ទៅកាន់ក្រុមអ្នកគាំទ្រ ដោយសម្តែងការអបអរសាទរ នូវលទ្ធផលឈ្នះភ្លូកទឹកភ្លូកដីរបស់គណបក្សភឿថៃ ដែលជាការបង្ហាញថា ប្រជាពលរដ្ឋទាំងអស់ចេះស្រឡាញ់ជាតិ និងកំពុងតស៊ូដើម្បីរួចផុតពីរបបផ្តាច់ការណ៍ នាពេលបច្ចុប្បន្ននេះ ឆ្ពោះទៅរកការផ្សះផ្សារជាតិ។

លោកថាក់ស៊ីន បានបដិសេធ ថា រូបលោកជាអ្នកចាត់ចែង និងនៅពីក្រោយគណបក្សភឿថៃ ប៉ុន្តែការងារទាំងអស់លោកបានប្រគល់ជូនលោកស្រី យីងឡាក់ ជាអ្នកធ្វើការសម្រេចចិត្តទាំងអស់ លោកគ្មានពាក់ព័ន្ធឡើយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋថៃ ដែលមានសិទ្ធិចូលរួមការបោះឆ្នោតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១១នេះ មានចំនួន៤៧.៣ភាគរយ។

អ្នកវិភាគនយោបាយមួយរូប បានបញ្ចេញទស្សនៈថា ការឈ្នះឆ្នោតរបស់គណបក្សភឿថៃ នៅពេលនេះនឹងបើកផ្លូវឲ្យអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួនអស់ ជាច្រើនឆ្នាំមកនេះ អាចធ្វើដំណើរមកមាតុភូមិវិញ នឹងរួចផុតពីការចោទប្រកាន់ទាំងឡាយ ដែលរដ្ឋាភិបាលអាប់ភីស៊ីត បានធ្វើទៅលើរូបលោកនោះ។

លោកថាក់ស៊ីន បានទទួលរងការបណ្តេញចេញពីប្រទេសតាមរយៈរដ្ឋប្រហារដ៏ត្រជាក់មួយកាល ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០0៦ ហើយបានលាក់ខ្លួននៅបរទេស តស៊ូប្តូរផ្តាច់ស្វែងរកលទ្ធិ ប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេស ដូច្នេះការតស៊ូទាំងអម្បាលមាណរបស់លោក បានលេចជារូបរាងហើយ តាមរយៈការឈ្នះឆ្នោតយ៉ាងច្រើនលើសលុបរបស់គណបក្សភឿថៃ។

ទម្រាំនឹងទទួលលទ្ធផលដ៏ជោគជ័យយ៉ាងដូច្នេះ ក្រុមបាតុករអាវក្រហម៩១នាក់ បានពលីជីវិតនៅកណ្តាលក្រុងបាងកក រួមទាំងអ្នករងរបួសជិត២ពាន់នាក់ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១០ ក្រោមស្នាដៃនាយករដ្ឋមន្រ្តី អាប់ភីស៊ីត ដែលគាំទ្រដោយយោធា។

យោងតាមការស្ទង់មតិដែលចេញផ្សាយតាមគេហទំព័របាងកកប៉ុស្តិ៍បានឲ្យដឹងថា ប្រជាពលរដ្ឋសៀម ៥៧.៩ភាគរយ គិតថា នឹងមានអំពើហិង្សាផ្នែកនយោបាយកើតឡើង បន្ទាប់ពីការបោះឆ្នោត ខណៈដែលប្រជាពលរដ្ឋ ១៧.៩ ភាគរយ គិតថា មិនមានអំពើហិង្សា។ រីឯប្រជាពលរដ្ឋចំនួន ២៤.១ ភាគរយ គិតថា វាអាស្រ័យទៅរដ្ឋាភិបាលថ្មី៕

Advertisements

បានចុះផ្សាយ 4 ខែកក្កដា 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: