បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានអត្ថន័យយ៉ាងណា?   Leave a comment


https://note4today.files.wordpress.com/2011/04/year-of-ra.jpg

មនុស្សទូទៅ នឿយហត់ក្នុងការចិញ្ចឹមជីវិតរាល់ថ្ងៃ ។ ជោគជ័យនិងវិបត្តិ ទុក្ខទោសនានា រមែងកើតឡើងលាយឡំក្នុងដំណើរជីវិតការងារបន្តរបន្ទាប់។

ក្នុងការងាររបស់ខ្លួន មនុស្សទទួលបានត្រឹមតែអារហារបរិភោគ ជួនឆ្ងាញ់ ជួនមិនឆ្ងាញ់ អាស្រ័យរស់ជាតិ និងតំលៃអាហារ ព្រំទាំងអាស្រ័យលើដំណើរពាក់ព័ន្ធអារម្មណ៍ ជាសុខភាពរបស់មនុស្ស ។

យ៉ាងនេះហើយ ដើម្បីធ្វើអោយជីវិតមនុស្សមានសិរីមង្គល ទើបបណ្ឌិតព្រឹទ្ធាចារ្យគ្រប់ជាតិសាសន៍ បង្កើតឲ្យមានបុណ្យ ឬកម្មវិធីផ្សេងៗ សំរាប់ជាគ្រឿងកំសាន្តសប្បាយ បន្លប់ ឬបំបាត់សេចក្តីទុក្ខព្រួយ។

ដោយឡែក បុរាណបណ្ឌិតខ្មែរក៏បានបង្កើត បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងន័យផ្តល់នូវមនោសញ្ចេតនា ជាកុសលឲ្យទទួលនូវសេចក្តីសប្បាយរីករាយ បំភ្លេចទុក្ខកង្វល់ក្នុងជីវិត។

ដោយសារជាតិសាសន៍ខ្មែរយើងកាន់ព្រះពុទ្ធសាសនា សេចក្តីសប្បាយរីករាយនេះ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងមហាកុសល ផ្សេងៗទៀត ដើម្បីធ្វើអោយ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាន់តែមានន័យ ប្រកបដោយប្រយោជន៍ធំធេង សម្រាប់ពលរដ្ឋខ្មែរ ដូចជា៖
ពិធី កក់ស្រង់ ស្រោចទឹក ខមាលទោស សម្តែងនូវកតញ្ញូចំពោះដូនតា​ ឪពុកម្តាយ, ពិធីកក់ស្រង់ព្រះពុទ្ធបដិមា បង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឬសាច់ញាតិ…
និងកម្មវិធីផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងសាសនា
…ជាដើម ។ល។

បុណ្យចូលឆ្នាំថ្មី នាំមកនូវធម្មទានកុសល សម្រាបើបដិបត្តិ ដូចខាងក្រោមនេះ៖

* លះបង់នូវអំពើបាបជាអកុសល ទុក្ខទោសវិបត្តិផ្សេងៗដើម្បីនូវប្រយោជន៍ខ្លួន និងអ្នកដ៏ទៃ

* សាងនូវអំពើល្អ បរិសុទ្ធ ជាកុសល សំរាប់ខ្លួន និងអ្នកដ៏ទៃ

* សាងចិត្តឲ្យស្អាតផូរផង់ គ្រប់ពេលជានិច្ចនិរន្តរ៍ ។

សរុបសេចក្តីមក ចូលឆ្នាំថ្មី មានន័យថា ជម្រុះចោលនូវកំហុស វិបត្តិ ទុក្ខទោស និងសាងឡើងវិញនូវកុសល ធ្វើឲ្យអារម្មណ៍ជ្រះថ្លា រីករាយសប្បាយ ដើម្បីរួមរស់ ទទួលនូវពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ រួមចំណែកអភិវឌ្ឍន៍ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិរុងរឿងជាអមតៈ ។

កំណត់ត្រាថ្ងៃនេះ សូមលំអោនកាយ គោរពជូនពរចំពោះបងប្អូនជនរួមជាតិ និងក្រុមគ្រួសារទាំងអស់ សូមទទួលបាននូវ សេចក្តីសុខ និងជោគជ័យក្នុងជីវិតជានិច្ចនិរន្តរ៍តទៅ

មហាសង្រ្កាន្តឆ្នាំថោះ ត្រីស័ក
ចុល្លសករាជ ១៣៧៣-មហាសករាជ ១៩៣៣
​ ពុទ្ធសករាជ ២៥៥៥-គ្រឹស្តសករាជ ២០១១
សុភមស្តុ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសនាអត្តិក្កន្តាកន្លងទៅហើយបាន ២៥៥៤ត្រឹមថ្ងៃ ១៥កើតខែពិសាខ លុះដល់ថ្ងៃ១រោជ ខែពិសាខឆ្នាំថោះ ត្រីស័កតទៅចូលពុទ្ធសករាជ២៥៥៥។
នឹងគណនាឆ្នាំ ថោះ ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃព្រហស្បត្តិ៍​ ១១កើត ខែចេត្រ ត្រូវនឹងថ្ងៃ ទី១៤ ខែមេសា គ.ស ២០១១ វេលាម៉ោង១៣ និង១២នាទីរសៀល។ ពេលនោះព្រះអាទិត្យចេញពី មីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គ នាយិកាព្រះនាម កិរិណីទេវី ជាបុត្រទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀត ផ្កាមន្ទារ អភរណទ្រង់ពាក់ កែវមរកត ភក្សាហារទ្រង់សោយ សណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់អង្គុយពាក់ឆៀងលើខ្នង គុជសារ (ដំរី) ជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវ ធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពាន មាស នាំមកដង្ហែប្រទក្សិណ ភ្នំសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន៦០នាទី (២៤ម៉ោង)។ ទើបនាំ យកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោ ឧសភរាជ ទាំង៧ ត្រជាក់ ក្សេមក្សាន្តព្រះរាជហឬទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គល ឲ្យជ្រះ ស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំង ឡាយតាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។
ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ២០១១ វេលាម៉ោង ១៣ និង១២នាទីរសៀល ជាថ្ងៃចូលឆ្នាំថោះ ត្រីស័ក។
ថ្ងៃសុក្រ ១២កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រឹស្តសករាជ២០១១ ជាវារៈវ័នបត។
ថ្ងៃសៅរ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ្រឹស្តសករាជ២០១១ នៅវេលាម៉ោង ១៥ និង៣០នាទី ១២វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ចូលជាសកល ឆ្នាំថោះ ត្រីស័ក ចុល្លសករាជ១៣៧៣ និងមហាសករាជ ១៩៣៣តទៅ។
ក្នុងកំឡុងវេលាសង្រ្កាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ ជាចិត្តអប្រីយ៍ជាប់ដោយគំនុំ គុំគួន ព្យាបាលឈ្នានីស ដែលកើត មានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន តាមប្រពៃណី រក្សាសីលប្រាំ ឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសា ធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។

គ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ
https://note4today.files.wordpress.com/2011/04/y13.jpg

គ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មីឆ្នាំថោះនេះមានដូចជា រានទេវតាមានក្រាលសំពត់សរចំនួន១ ស្លាធម៌កូនចេក១គួរ(ស្លាធម៌នីមួយៗមានដោតផ្កា៥ ទៀន៥ ធូក៥ បារីស្លាម្លូ ) ចេកនួនឬចេកណាំវ៉ា បាយសី ពែព្រះភូម១ ពែព្រះកេត១ ភ្លេងពិណពាទ្យ និង សណ្ដែក ល្ង ដែលទេវតាសោយទៅតាមឆ្នាំនីមួយៗ ឬផ្លែឈើមួយចំនួន។ នេះជាការអះអាងរបស់ លោកវ៉ាយ វិបុល សមាជិកគណៈកម្មាធិការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រនិងប្រពៃណី ទំនៀមទម្លាប់នៃគណៈកម្មការជាតិរៀបចំបុណ្យជាតិអន្តរជាតិ។
លោកវ៉ាយ វិបុល បានបន្តទៀតថា ចូលឆ្នាំថ្មីឆ្នាំថោះនិងមកដល់នៅវេលាម៉ោង ១៣.១២នាទីថ្ងៃព្រហស្បត្ណិ ទី១៤ ខែ មេសា ឆ្នាំ ២០១១ដែលត្រូវនិងថ្ងៃ១១កើត ខែ ចេត្រ ខាងមុខនេះ ។
ទេវតា ឆ្នាំថ្មីនេះ ឈ្មោះកិរិណីទេវី ជាបុត្រទី៥របស់ក្បិល មហាព្រហ្ម នៅលើ កេសារបស់ទេវតាមានសៀតផ្កាមណ្ឌា(ឈ្មោះផ្កានៅឋានទេវតា) មានគ្រឿងប្រដាប់ដែលតុបតែងកាយមរកត ដៃខាងស្ដាំកាន់កង្វេរ(ប្រដាប់បញ្ជាដំរី) ដៃឆ្វេងកាន់កាំភ្លើង(មានឯកសារខ្លះនិយាយថា កាន់ធ្នូ) គង់លើសត្វដំរី សោយសណ្ដែកនិង ល្ង។
លោកបានបន្ថែមទៀតថា ជារៀងរាល់ឆ្នាំប្រជាជនខ្មែរយើងតែងតែប្រារព្ធពិធីនេះទៅតាម ទម្លាប់ដែលចាស់បុរាណបានកំណត់ទុកមក។ គ្រួសារខ្លះដែលមានជីវភាពធូរធារគេតែងតែធ្វើទៅតាមក្បួនខ្នាត ប៉ុន្តែក៏មានអ្នកខ្លះមិនមានលទ្ធភាពធ្វើតាមក្បួនខ្នាតដែលបាន កំណត់នោះទេ។
ការដែលប្រជាពលរដ្ឋមិនបានធ្វើទៅតាមក្បួនខ្នាតដែលដូនតាបាន កំណត់ទុកនេះ ត្រូវបានលោកវ៉ាយ វិបុល និយាយថា វាមិនខុសទាស់អ្វីទេ ព្រោះគ្រឿងរណ្ដាប់ខ្លះពិបាករក ហើយគួបផ្សំនិងកត្តាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋផង ប៉ុន្តែគេអាចធ្វើទៅតាមលទ្ធភាពដែលអាចធ្វើបាន ដូចជាគ្រាន់តែមានផ្លែឈើឬផ្កាបន្តិចបន្តួចក៏បានដែរ ទេវតាមិនប្រកាន់អ្វីនោះទេ។
ពិធីចូលឆ្នាំប្រពៃណីខ្មែរតែងតែប្រារព្ធធ្វើ នៅថ្ងៃទី១៤-១៥-១៦ជារៀងរាល់ឆ្នាំ គ្រប់ស្ថាប័នរដ្ឋនិងឯកជនត្រូវច្បាប់ការងារនៃព្រះរាជាណាចក្រ កម្ពុជាអនុញ្ញាតឲ្យឈប់សម្រាកគ្រប់ៗគ្នា។ នៅតាមវត្តអារាមគេឃើញមានយុវវ័យនាំគ្នាលេងល្បែងប្រជាប្រិយប្រពៃណី ខ្មែរយ៉ាងសប្បាយរីករាយ។ ចំណែកនៅតាមផ្ទះនីមួយៗរបស់ប្រជាពលរដ្ឋ គេឃើញមានគ្រឿងរណ្ដាប់ទេវតាទទួលឆ្នាំថ្មីយ៉ាងសំបូរបែប ទៅតាមលទ្ធភាពរៀងៗខ្លួន ប៉ុន្តែក៏មានប្រជាជនខ្លះមិនបានធ្វើដែរ។
(ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឆ្នាំ២០១១ ដោយអ៊ឹម បុរិន្ទ )

បុគ្គលិកលក្ខណៈមនុស្សកើតឆ្នាំថោះ
ឆ្នាំថោះ ពង្សមនុស្សស្រី នាមជាសត្វទន្សាយ ធាតុឈើ ទន្សាយកំណើតនៅថ្ងៃពុធសិរីធ្លាក់មកស្មាឆ្វេងព្រះព្រហ្ម មូលព្រលឹងនៅដើមរកា និងដើមដូង។ លោកអ្នកទៅតាំងលំនៅនៅទីកន្លែងណាគួរមានដើមដូង ឬដើមរកាដាំនៅទិសខាងជើងផ្ទះដើម្បីជាសិរីមង្គលដល់ខ្លួន និងក្រុមគ្រួសារ។
មនុស្សកើតឆ្នាំថោះនេះ រមែងជាមនុស្សមាននិស្ស័យនិយាយស្ដីច្រើនទទឹមទទែង ពុំសូវសុភាពរាបសា ប៉ុន្តែមានចិត្តស្មោះត្រង់កតញ្ញូ ស្គាល់បុណ្យស្គាល់បាប។ ជាមនុស្សចូលចិត្តសិក្សារកការចេះដឹងដាក់ខ្លួន ឆ្លាត ឈ្លាសវៃស្គាល់កលល្បិចមនុស្ស មានតណ្ហាខ្លាំងដូចទឹកពុះប្រាថ្នាទៅលើអ្វីហើយ រមែងខិតខំ ព្យាយាមធ្វើទាល់តែបានសម្រេច។ ចិត្តស្រាលឆាប់ខឹងតែឆាប់បាត់ ធ្វើគុណមិនបានផល ត្រូវញាតិមិត្ត បៀតបៀនច្រើននៅគាល់បម្រើ ឬចៅហ្វាយនាយមិត្តភ័កិ្ត។
មុខរបរដែលស័ក្តិសមជាងគេសម្រាប់ មនុស្សកើតឆ្នាំនោះ គឺធ្វើគ្រូបាធ្យាយន៍ មេធាវី សុភាចារបុរស អ្នកឃោសនា ពីព្រោះជាមនុស្សប៉ិនប្រសព្វក្នុងការនិយាយ និងចូលចិត្តវែកញែករកហេតុផលឲ្យធ្វើការរកស៊ីដោយកម្លាំងកាយទៅ ប្តូរច្រើនតែពុំសូវប្របក។

ក្នុងឆ្នាំថ្មីនេះដែរ អ្នកមានកំណើតឆ្នាំថោះបើជាមនុស្សប្រុសទំនាយថាៈ
ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួល ប៉ន្មានឡើយ អ្នកត្រូវជួបប្រទេះនឹងឧបស័គ្គជាញឹកញយក្នុងដំណើរការធម្មតារបស់ អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍ឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការណាដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់ ចុងបំផុតអ្នកខំបំពេញឲ្យបានអង់អាចជានិច្ច។ បើអាចធ្វើយ៉ាងនេះបានទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញក្នុង រវាងឆ្នាំនេះ។

បើជាមនុស្សស្រីទំនាយថា៖
ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវ រីករាយសោះឡើយ មិត្តភ័ក្តរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីមកដឹងនាំអ្នកឲ្យខូចខាតទុន។ ក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយក៏ដោយ អ្នកកុំធ្វេសប្រហែលឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ ផលខ្លះក្នុងការដែលអ្នកបានខិតខំតាំងចិត្តទុកយ៉ាងប្តូរផ្ដាច់៕

ជោគជាតារាសី១២ឆ្នាំប្រចាំឆ្នាំថោះ

* ឆ្នាំ ជូត ៖
https://note4today.files.wordpress.com/2011/04/y1.jpg

មានឱកាសទទួលបានជោគជ័យជាច្រើននៅក្នុងការងារទាំងរឿងលុយ កាក់ និងកររ្ដិ៍ឈ្មោះ។ អាចបានឡើងតំណែងសិក្សារៀនសូត្រទទួលបានជោគជ័យមានចំណូលហូរចូល ច្រើន ព្រោះមានការងារពិសេសៗ សម្រុកចូល។ គួរព្យាយាមរក្សាអារម្មណ៍ឲ្យល្អត្រូវចេះម៉ត់ចត់ល្អិតល្អន់រឿង លុយកាក់ ដាក់ទុនរកស៊ីប្រយ័តចាញ់បោកគេរឿងលុយកាក់ និងយកចិត្តទុកដាក់រឿងសុខភាពឲ្យមែនទែន។

*ឆ្នាំ ឆ្លូវ ៖
https://note4today.files.wordpress.com/2011/04/y2.jpg

ដើមឆ្នាំមានសំណាងល្អមានលាភហូរចូលច្រើនមានអ្នកជួយគាំទ្រ និងមានឱកាសចេញទៅក្រៅប្រទេស។ ឆ្នាំនេះមានតម្រុយបានដីធ្លីផ្ទះសំបែងនិងយានជំនិះ តែរាល់កិច្ចការតោងប្រយ័តប្រយែងឲ្យខ្ពស់ ទើបមានសុវត្ថិភាព។ លុយកាក់គ្មានឱកាសបាននៅសល់ ព្រោះមានករណីជាមានច្រើនត្រូវចំណាយ។ ការរកស៊ីគួរបង្កើនការប្រុងប្រយ័ត្នក្រែងចាញ់បោកគេ និងបញ្ហាសុខភាពក៏មិនល្អប៉ុន្មានដែរ។

*ឆ្នាំ ខាល ៖
https://note4today.files.wordpress.com/2011/04/y3.jpg

ទទួលបានសំណាងល្អរឿងការងារបានឡើងតំណែងមានការងារល្អៗ ធ្វើទទួលបានប្រយោជន៍ជារឿយៗ ។ ក៏ប៉ុន្តែប្រយ័ត្នសាច់ញាតិនាំទុក្ខមកខ្វល់ និងប្រយ័ត្នចាញ់បោកគេ ជាពិសេសកើតរឿងប្ដឹងប្ដល់។ អ្នកនៅទំនេរបានជួបមនុស្សយល់ចិត្តគ្នា តែអ្នកមានដៃគូហើយ តោងចេះអត់ធ្មត់ទើបបានសុខ ។ លុយកាក់ចាយវាយឲ្យចេះសំចៃ ទើបមិនកើតទុក្ខ រីឯសុខភាពបើចេះយកចិត្តទុកដាក់កាន់តែប្រសើរ។

*ឆ្នាំ ថោះ ៖
https://note4today.files.wordpress.com/2011/04/y4.jpg

ខ្សែជីវិតមានការវិឌ្ឍិន៍កាន់តែល្អឡើងមានឱកាសបានដើរឆ្ងាយមានសំ ណាងល្អក្នុងការងារបានឡើងយសស័ក្តិទទួលបានជោគជ័យនៅក្នុងឆាក ជីវិត។ក៏ប៉ុន្តែតោងប្រយ័តពីគូប្រជែងដែលកំពុងលាក់ខ្លួនស្ងាត់ៗ និងប្រយ័ត្នរឿងរងថ្មបាក់។ ប្រសិនបើមានបញ្ហាបំណុលតោងរូតរះដោះស្រាយឲ្យបានឆាប់ រឿងស្នេហាគួររក្សាភាពអំណត់ទើបសុខនឹងគ្នា។ ចំណែកសុខភាពទ្រុឌទ្រោមតោងប្រយ័ត្នរោគចាស់រើឡើងវិញ រីឯការធ្វើដំណើរក៏គួរប្រយ័ត្នផងដែរ។

*ឆ្នាំ រោងៈ ៖
https://note4today.files.wordpress.com/2011/04/y5.jpg

ឆ្នាំនេះមុខរបរការងារច្រើនជួយនឹងឧបសគ្គរារាំងមានបញ្ហារឿង ការងារចាស់ៗ មរកតចាស់ៗ និងប្រយ័ត្នមានសាច់សាលោហិតព្រាត់ទៅលែងវិលមកវិញ ។ វ័យសិក្សាមានភាពរីករាយចម្រើនកាន់តែខ្ពស់ និងមានឱកាសបានធ្វើដំណើរទៅឆ្ងាយ ។ មានបញ្ហារឿងលុយកាក់ ព្រោះចំណូលមិនស្មើរចំណាយ ប្រយ័ត្នមានមនុស្សមកជួយចាយលុយ ហើយមិនគួរប្រញាប់ប្រញាល់ថែមទុនរកស៊ី ។ អ្នកនៅទំនេរនឹងមានមនុស្សលួចស្ទាបស្ទង់មើលចិត្តចំណែកបញ្ហាសុខ ភាពចាត់ទុកថា ល្អប្រសើរ។

*ឆ្នាំម្សាញ់ ៖
https://note4today.files.wordpress.com/2011/04/y6.jpg

ទទួលបានការងារកាន់តែល្អប្រសើរឡើងមានឱកាសបានរៀនសូត្រកាន់តែ ខ្ពស់ និងបានដាក់ទុនរកស៊ីជាមួយមនុស្សមកពីឆ្ងាយ។ ក៏ប៉ុន្តែនៅមានបញ្ហាក្នុងការងារខ្លះទាមទារឲ្យដោះស្រាយ ។ ឆ្នាំនេះមានករណីត្រូវចាយវាយលុយកាក់ចាំបាច់ជាច្រើនប្រការ។ ការធ្វើដំណើរច្រើនមានបញ្ហាការសេពគប់ជាមួយមនុស្សប្រយ័ត្ននាំ ទោសមកឲ្យ ឬត្រូវគេបោកប្រាស់ ។ សុខភាពព្យាយាមយកចិត្តទុកដាក់ថែទាំងរឿងសុវត្ថិភាពកុំឡើងទី ខ្ពស់ ឬវត្ថុកំពុងសាងសង់។

*ឆ្នាំ មមី ៖
https://note4today.files.wordpress.com/2011/04/y7.jpg

ក្នុងឆ្នាំនេះមានបញ្ហាជាច្រើនមកចោមរោមទាំងក្នុងសង្គមការងារ មុខជំនាញ ក្រុមសាច់ញាតិ និងអាចមានចាស់ទុំខ្លះនិរាសទៅឆ្ងាយលែងវីលវិញ ។ យកល្អគួរឧស្សាហ៍ធ្វើទានសន្សំកុសលដើម្បីជួយឲ្យបញ្ហាធ្ងន់ៗទៅជា ស្រាល ។ បើមានបញ្ហាលុយកាក់អាចរត់ទៅពឹងពាក់អ្នកដទៃបាន។ ប្រសិនបើមានមនុស្សបបួលដាក់ទុនរកស៊ីប្រយ័ត្នចាញ់បោកគេ។ ឆ្នាំនេះត្រូវចាយវាយលុយកាក់ច្រើនតែចំណូលតិចតួច និងប្រយ័ត្នប្រយែងរបស់ទ្រព្យមានតមៃ្លបញ្ហាសុខភាពក៏មិនសូវល្អ ដែរ។

*ឆ្នាំ មមែ ៖
https://note4today.files.wordpress.com/2011/04/y8.jpg

មានឱកាសជាច្រើនទទួលបានជោគជ័យមានលាភហូរចូល មានការងារពិសេសៗជាច្រើនកំពុងរង់ចាំធ្វើឲ្យចំណូលកើនឡើង។ មានមនុស្សនាំលាភមកឲ្យការងារដាក់ទុនរកស៊ីក៏បានរលូន។ ទោះបីទទួលបានផលល្អបែបនេះក្ដី គួរមានគម្រោងចាយវាយឲ្យល្អិតល្អន់ទើបនៅសល់ ។ ប្រយ័ត្នរបស់មានតម្លៃត្រូវចោរលួច ឬជ្រុះបាត់ក្រៅពីនេះប្រយ័ត្នទង្វើប៉ះពាល់កេរ្ដិ៍ឈ្មោះ និងកុំត្រចៀកស្រាល។សុខភាពគួររក្សាទម្ងន់ឲ្យនៅនឹងន៎។

*ឆ្នាំ វក ៖
https://note4today.files.wordpress.com/2011/04/y9.jpg

មានករណីត្រូវបង្កើនទុនរកស៊ី ឬត្រូវចំណាយលុយកាក់ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ។ ឆ្នាំនេះមានឧបសគ្គលំបាកជាច្រើនដែលត្រូវពុះពារ។ ការដាក់ទុនរកស៊ីបើគ្មានទំនុកចិត្តសូមកុំសាកល្បង ។ លុយកាក់មិនគួរចិត្តល្អឲ្យអ្នកដទៃខ្ចីទេ ព្រោះមិនបានមកវិញប្រយ័ត្នចាញ់កល្បិចអ្នកដទៃខាតទាំងការងារ និងលុយកាក់ ។ ប្រយ័ត្នគូសត្រូវចាស់ កុំធ្វើអ្វីប្រឈមនិងច្បាប់។ ការសេពគប់មនុស្សគួរមើលមុខមើលក្រោយ និងបញ្ហាសុខភាពប្រយ័ត្នរោគចាស់រើឡើងវិញ។

*ឆ្នាំ រកា ៖
https://note4today.files.wordpress.com/2011/04/y10.jpg

អ្នកអត់ការងារ និងមានការងារធ្វើអ្នកសិក្សាទទួលបានផលល្អ មានឱកាសបានធ្វើដំណើរឆ្ងាយទទួលបានជោគជ័យលើសលប់ក្នុងការងារ។ បានឡើងតំណែងតួនាទីមានបរិវាក្រោមបញ្ជាកាន់តែកើនឡើង ។ ឆ្នាំនេះបើមានចំណូលតោងព្យាយាមសន្សំទុកសម្រាប់គ្រាក្រ ។ ការដាក់ទុនបន្ថែមក្នុងឆ្នាំនេះមិនសូវបានផលល្អ ជាពិសេសប្រយ័ត្នចាញ់បោកគេ មានលាភពីម្ងាយដែលមិនបើកបង្ហើប រីឯបញ្ហាសុខភាពគួរយកចិត្តទុកដាក់ និងថែទាំក្មេងៗឲ្យបានល្អ។

*ឆ្នាំ ច ៖
https://note4today.files.wordpress.com/2011/04/y11.jpg

មានឱកាសបានធ្វើដំណើរឆ្ងាយ តែមានឧបសគ្គជាច្រើនចាំរារាំងការងារ ។ មានន័យថា លំបាកមុនស្រណុកក្រោយ ព្រោះនៅទីបញ្ចប់ទទួលបានជោគជ័យក្នុងការងារបានឡើងតួនាទី។ អ្នកគ្មានការងារនឹងបានការងារពេញចិត្តធ្វើ ។ ក៏ប៉ុន្តែការដាក់ទុនរកស៊ីគ្មានផលល្អ ព្រោះនឹងមានបញ្ហាធ្វើឲ្យព្រួយចិត្ត ។ ឆ្នាំនេះទាមទារសំខាន់ជាងគេ គឺភាពអត់ធ្មត់ទើបមានផលល្អច្រើនប្រការ។ បញ្ហាសុខភាពគួរឆ្លៀតឱកាសហាត់ប្រាណឲ្យបានច្រើន សម្រាកឲ្យគ្រប់គ្រាន់និងប្រយ័ត្នប្រយែងឧប្បត្តិហេតុធ្វើដំណើរ ផង។

*ឆ្នាំ កុរ ៖
https://note4today.files.wordpress.com/2011/04/y12.jpg

ឆ្នាំនេះដៃគូជីវិតនាំលាភមានឲ្យជាច្រើនមានដំណើរទៅទីណាមួយ ទាំងកត់ក្រហល ។ ក៏ប៉ុន្តែការងារទាមទារឲ្យល្អិតល្អន់ប្រយ័ត្នបាត់បង់តួនាទី ។ មានការដោះដូរការងារផ្ទះសំបែង និងចៅហ្វាយ តែបានឡើងតួនាទីបន្ថែមទន្ទឹមគ្នានោះដែរ ប្រយ័ត្នសត្រូវក្បែរកាយឆក់ ឱកាសបំផ្លាញលោកអ្នក។ ប្រយ័ត្នមានអ្នកប្រជែងទាំងក្នុងមុខជំនាញ និងរឿងស្នេហា ។ អ្នកមានដៃគូជីវិតហើយ ឧស្សាហ៍ថ្នមចិត្តគ្នាក្រែងលោជួបរឿងបែកបាក់ ។ ចំណែកអ្នកនៅទំនេរក៏មានឪកាសបានជួបគូសេ្នហ៍ផងដែរ៕

ទិស និងពណ៌ដែលមានមង្គលឫអពមង្គលសម្រាប់ឆ្នាំនីមួយៗ
ដើម្បីភាពជោគជ័យសិរីមង្គលនៅក្នុងឆ្នាំថ្មីឆ្នាំថោះ លោកអ្នកកើតតាមឆ្នាំនីមួយៗគួរតែបានដឹងពីទិស និងពណ៌សម្រាប់ការស្លៀកពាក់បំពេញការងារ ព្រមទាំងធ្វើដំណើរដើម្បីចៀសឱ្យផុតពីគ្រោះមហន្តរាយ ហើយសម្រេចបានរាល់កិច្ចការនោះ លោកអ្នកតោងយល់ដឹងពីទិស និងពណ៌ទាំងអពមង្គល និងមង្គលប្រចាំឆ្នាំរបស់ខ្លួនដូចខាងក្រោមនេះ ៖
»ឆ្នាំជូតៈ ទិសមង្គលរបស់លោកអ្នកគឺទិសខាងកើតឆៀងខាងត្បូងទិសខាងជើងនិងទិសខាងលិចឆៀងខាងត្បូង។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងត្បូង។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌ខៀវ ប្រផេះ ផ្ទៃមេឃ ស មាស និង ពណ៌ប្រាក់ ។

»ឆ្នាំឆ្លូវៈទិសមង្គលរបស់លោកអ្នក គឺទិសខាងកើតឆៀងខាងជើង។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងលិចឆៀងខាងត្បូង។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌ក្រហម ស៊ីជម្ពូ ទឹកក្រូច និងលឿន។

»ឆ្នាំខាលៈទិសមង្គលរបស់លោកអ្នក គឺទិសខាងកើតឆៀងខាងជើង ទិសខាងលិចឆៀងខាងជើង និងទិសខាងត្បូង។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងជើង។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌បៃតង ផ្ទៃមេឃ ប្រផេះខ្មៅ និង ខៀវ។

»ឆ្នាំថោះៈទិសមង្គលរបស់លោកអ្នក គឺទិសខាងត្បូងនិងទិសខាងកើត។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងលិច។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌បៃតង ផ្ទៃមេឃ ប្រផេះខ្មៅ និងពណ៌ទឹកប៊ិច។

»ឆ្នាំរោងៈទិសមង្គលរបស់លោកអ្នក គឺទិសខាងកើតឆៀងខាងត្បូងនិងទិសខាងលិច និងទិសខាងជើង។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងលិចឆៀងខាងជើង។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌ក្រហម ស៊ីជម្ពូ ទឹកក្រូច.ស និងពណ៌លឿង។

»ឆ្នាំម្សាញ់ៈទិសមង្គលរបស់លោកអ្នក គឺទិសខាងកើតឆៀងខាងត្បូងនិងទិសខាងលិច និងទិសខាងលិចឆៀងខាងត្បូង។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងលិចឆៀងខាងជើង។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌ក្រហម ស៊ីជម្ពូ ទឹកក្រូច និងពណ៌បៃតង។

»ឆ្នាំមមីៈទិសមង្គលរបស់លោកអ្នក គឺទិសខាងកើតឆៀងខាងជើង និងទិសខាងលិចឆៀងខាងជើង និងទិសខាងត្បូង។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងជើង។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌ក្រហម ស៊ីជម្ពូ ទឹកក្រូច និងពណ៌បៃតង។

»ឆ្នាំមមែៈទិសមង្គលរបស់លោកអ្នក គឺទិសខាងលិចឆៀងខាងជើងនិងទិសខាងកើត និងទិសខាងលិចឆៀតខាងត្បូង។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងកើតឆៀងខាងជើង។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌មាស លឿង ស្ករត្នោត និងពណ៌សូកូឡា។

»ឆ្នាំវកៈទិសមង្គលរបស់លោកអ្នក គឺទិសខាងលិចឆៀងខាងជើង និងទិសខាងកើតឆៀងខាងត្បូង និងទិសខាងលិចឆៀងខាងត្បូង។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងកើតឆៀងខាងជើង។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌ស លឿងមាស ស្ករត្នោត និងខៀវ។

»ឆ្នាំរកាៈទិសមង្គលរបស់លោកអ្នក គឺទិសខាងកើតឆៀងខាងជើង និងទិសខាងលិច និងខាងកើតឆៀងខាងត្បូង។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងកើត។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌មាស លឿង ស និងប្រាក់។

»ឆ្នាំចៈទិសមង្គលរបស់លោកអ្នក គឺទិសខាងកើតឆៀងខាងជើង និងទិសខាងកើត និងទិសខាងត្បូង។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងកើតឆៀងខាងត្បូង។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌ក្រហម ស៊ីជម្ពុ ទឹកក្រូច ស និងប្រាក់។

»ឆ្នាំកុរៈទិសមង្គលរបស់លោកអ្នក គឺទិសខាងលិចឆៀងខាងជើងទិសខាងកើតនិងទិសខាងលិចឆៀងខាងត្បូង។
-ទិសអពមង្គលរបស់លោកអ្នក គឺទិសខាងកើតឆៀងខាងត្បូង។
-ពណ៌ត្រូវជោគជតារាសីរបស់លោកអ្នកគឺពណ៌ខ្មៅ ផ្ទៃមេឃ ខៀវ និងពណ៌ប្រផេះ៕

Advertisements

បានចុះផ្សាយ 8 ខែ​មេសា 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង វប្បធម័-ប្រពៃណី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: