ទាសករខ្មែរនៅប្រទេសម៉ាឡេស៊ី   Leave a comment


ខេត្ត​ព្រះ​វិហារ​​ ៖ មជ្ឈ​ដ្ឋាន​ដែល​ពាក់​ព័ន្ធ​ ឬ​បាន​ទទួល​លាភ​សក្ការៈ​ពី​ការ​នាំ​ពល​ការិនី​ខ្មែរ​ទៅ​ធ្វើ​ការ​បំរើ​តាម​ ផ្ទះ​នៅ​ម៉ា​ឡេ​ស៊ីបាន​ចាត់​ទុក​ថា​ ជារឿង​ធម្មតា​ ឬ​ក៏​ដឹង​ដែរ​តែធ្វើ​ជា​មិន​ដឹង​ ប៉ុន្តែ​ទោះបី​​ជា​បែប​ណា​រស​ជាតិ​នៃ​ការ​លំបាក​ហួស​និស្ស័យ​នោះ​មាន​តែ​ពល​ ការិនី​ផ្ទាល់​ទេ​ទើប​ដឹង​។ ​ថ្វី​បើ​​យ៉ាង​នេះ​ក្តី​មិន​មាន​ន័យ​ថា​ ពល​ការិនី​ទាំង​អស់​នោះ​សុទ្ធ​តែ​ជួប​វាសនា​អាក្រក់​ ឬ​ទៅ​បំរើ​ម្ចាស់​ផ្ទះ​សុទ្ធ​តែ​អមនុស្ស​ធម៌​នោះ​ទេ ប៉ុន្តែ​ក៏​មិន​អាច​បដិ​សេធ​បាន​ឡើយ​ថា​ ពល​ការិនី​ខ្មែរ​មួយ​ចំនួន​បាន​ជួប​ប្រទះ​នូវ​គ្រោះ​អកុសល​។
https://note4today.files.wordpress.com/2010/12/malaysia1.jpg
ខាង​ក្រោម​នេះ​គឺ​ជា​ការ​ផ្តល់​សំភាសន៍​ពី​ពល​ការិនី​ ម្នាក់​នៅ​ខេត្ត​ព្រះ​វិហារ​ដែល​ទើប​តែ​វិល​ត្រឡប់​មក​ដល់​លំនៅ​ឋាន​របស់​ ខ្លួន​តាម​រយៈ​អំពើ​មនុស្ស​ធម៌​គួរ​ឱ្យ​គោរព​ពី​សំណាក់​ជន​ជាតិ​ឥណ្ឌា​ ម្នាក់​ដែល​បាន​ចេញ​លុយ​ថ្លៃ​ទិញ​សំបុត្រ​យន្ត​ហោះ​ត្រឡប់​មក​ស្រុក​វិញ​។ ស្ត្រី​រូបនោះ​ឈ្មោះ​បួ ម៉ៅ អាយុ​២៥​ឆ្នាំ ជា​ស្ត្រី​មេ​ម៉ាយ​ មាន​កូន​ក្នុង​បន្ទុក​ចំនួន​២​នាក់​ បច្ចុប្បន្ន​រស់​នៅ​ជាមួយ​ឪពុក​ជា​ជន​ពិការ​ឈ្មោះ​មឿង ធាន អាយុ​៥០​ឆ្នាំ ម្តាយ​ឈ្មោះ​​សៅ លឿន អាយុ​៥០​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ឯក​ភាព​ សង្កាត់​ប៉ាល​ហាល​ ក្រុង​ព្រះ​វិហារ​។ នាង​បាន​សំរេច​ចិត្ត​ចាក​ចោល​កូន​តូចៗ​ពី​រ​នាក់​ដោយ​ទុក​ឱ្យ​ឪពុក​ ម្តាយ​ជា​អ្នក​មើល​ថែ​។
https://note4today.files.wordpress.com/2010/12/malaysia2.jpg
ស្ត្រី​នោះ​ឱ្យ​ដឹង​ថា នាង​បាន​ចាក​ចេញ​ពីផ្ទះ​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១០​ដើម្បី​ទៅ​ធ្វើ​ជា​ស្ត្រី​បំរើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី។ នាង​ត្រូវ​បាន​គេ​​ឱ្យ​ទៅ​បំរើ​ពួក​អ្នក​មាន​តាម​រយៈ​ការ​ជ្រើស​រើស​របស់​ ក្រុម​ហ៊ុន​ក្នុង​ស្រុក​ដែលេ​អះ​អាង​ថា មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សិទ្ធិ​សេរី​ភាព ព្រម​ទាំង​ប្រាក់​បៀ​វត្ស​ប្រចាំ​ខែ​ទៀត​ផង​។ ជុំ​វិញ​ការ​លួច​រត់​ត្រឡប់​ពី​ប្រទេស​ម៉ាឡេ​ស៊ី​របស់​ស្ត្រី​ខ្មែរ​ឈ្មោះ​ បួ ម៉ៅ មក​កាន់​ប្រទេស​វិញ​នេះ​ នាង​​រៀប​រាប់​ទាំង​ក្តុក​ក្តួល​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​នៅ​ ក្នុង​ផ្ទះ​របស់​នាង​ឱ្យ​ដឹង​ថា រូប​នាង​​ចេញ​ទៅ​ធ្វើ​ពល​ការិនី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ីដោយ​សារ​មាន​ការ​ធានា​ គ្រប់​បែប​យ៉ាង​ពី​ក្រុម​ហ៊ុនដោយ​គេ​ធា​នា​ឱ្យ​មាន​ប្រាក់​ខែ​ក្នុង​មួយ​ខែ​ ១៦០​ដុល្លារ និង​ធានា​ទាំង​ការ​រស់​នៅ​ និង​ការ​ពារ​សិទ្ធិ​។ ដូច្នេះ​ហើយ​​ទើប​នាង​សំរេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​ចោល​កូន​ចេញ​ពី​ប្រទេស​ កំណើត​ទៅ​ធ្វើ​ការ​​នៅ​ប្រទេស​គេ​ដើម្បី​សន្សំ​ប្រាក់​ខែ​មក​ចិញ្ចឹម​កូន​ និង​ក្រុម​គ្រួសារ​ដែល​ឪពុក​របស់​នាង​ជា​ជន​ពិការ​។

នាង​រំលឹក​ថា​ ដើម្បី​បាន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទោះ​បី​គ្រួសារ​នាង​ស្ថិត​ក្នុង​ភាព ​ក្រី​ក្រ​ក៏​ដោយ​​ឪពុក​ និង​ម្តាយ​នាង​​បាន​សំរេច​ចិត្ត​យក​គោ និង​ប្រមូល​ទ្រព្យ​ក្នុង​ផ្ទះ​​យក​ទៅ​លក់​បាន​ប្រាក់​ប្រហែល​៣​លាន​រៀល​ សំរាប់​នាង​ធ្វើ​សោ​ហ៊ុយ​​ចេញ​ទៅ​ប្រទេស​គេ​ ។ ​ទី​បញ្ចប់​​សេច​ក្តី​​ប្រាថ្នា​របស់​នាង​បាន​ត្រឹម​តែ​សៅ​ហ្មង​ និង​ស្ទើរ​តែ​មិន​បាន​វិល​មក​ជួប​កូន​ៗ និង​ឪពុក​ ម្តាយ​ទៀត​ផង​។ នាង​បួ ម៉ៅ រៀប​រាប់ថា​ នៅ​ពេល​ទៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​មេ​ការ​បាន​នាំ​យក​រូប​នាង​ទៅ​ប្រគល់​ឱ្យ​ ធ្វើ​ការ​ក្នុង​ផ្ទះ​សេដ្ឋី​ម្នាក់​។ ​ពេល​ទទួល​រូប​នាង​​ហើយ​​គេ​បាន​ចាក់​សោ​ផ្ទះ​ជិត​ រួច​ហើយ​ឱ្យ​នាង​បំរើ​បោក​គក់​ និង​សំអាត​ផ្ទះ​ក្នុង​១​ថ្ងៃ​១៨​ម៉ោង​ គឺ​ចាប់​ពី​ម៉ោង​៤​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​២​រំលង​អធ្រាត្រ​។ ចំណែក​ការ​ហូប​ចុក គឺ​ក្នុង​១​ថ្ងៃ​សេដ្ឋី​ឱ្យហូប​តែ​១​ពេល​ប៉ុណ្ណោះ ។ គេ​ឱ្យ​រូប​នាង​លេប​ថ្នាំ​ក្នុង​១​ថ្ងៃ​១​គ្រាប់​ដោយ​មិន​ដឹង​ថា​ថ្នាំ​អ្វី ​ទេ បើ​មិន​លេប​ត្រូវ​គេ​វាយ​ធ្វើ​បាប រួច​ហើយ​ធ្វើ​ការ​រហូត​ទាល់​តែ​គ្រប់​​ម៉ោង​ទើប​អាច​សំរាក​បាន។ មាន​ថ្ងៃ​ខ្លះ​មិន​ត្រឹម​តែ​បំរើ​ការ​ងារ​ផ្ទះ​ប៉ុណ្ណោះ​ទេ គឺគេ​​ថែម​ទាំង​បង្ខំ​ឱ្យ​បំរើ​តណ្ហា​របស់​គេ​យ៉ាង​អាក្រកក់​អាក្រី​ទៀត​ផង។ បើ​នាង​មិន​ធ្វើ​តាមទេ ​គេ​វាយធ្វើ​បាប​ដូច​សត្វ​ធាតុ​។

ស្ត្រី​ដដែល​បន្ត​ថា​ ដោយ​សារ​បែប​នោះ​ហើយ​​ទើប​​​នាង​សំរេច​ចិត្ត​រក​ឱកាស​ដើម្បី​រត់​ចេញ​។ នាង​គិត​ថា បើ​ទោះ​ជា​រូប​នាង​ស្លាប់​ក៏​ស្លាប់​ចុះ ធ្វើ​យ៉ាង​ណា​ឱ្យតែ​បាន​ផុត​ពី​ក្នុង​គុក​ដែល​លាក់​ខ្លួន​ក្នុង​ទ្រនំ​ដ៏​ ស្តុក​ស្តម​ស្កឹម​ស្កៃ​របស់​អ្នក​មាន​នៅ​ប្រទេស​គេ​។ ការ​​ទទួល​រង​ការ​ជិះ​ជាន់​នៅ​មាន​ច្រើន​ជាង​នេះ​ទៀត​សំរាប់​រូប​នាង ក៏​ដូច​ជា​អ្នក​ដែល​កំពុង​​បំរើ​គេ និង​អ្នក​ដែល​លួច​រត់ ​ហើយ​ត្រូវ​គេ​ចាប់​ដាក់​គុក​ក្នុង​ប្រទេស​ម៉ាឡេស៊ី គឺ​មិន​អាច​រៀប​រាប់​អស់​ទេ។ នាង​បួ ម៉ៅ ​ឱ្យ​ដឹង​ថា ចុង​ក្រោយ​នៃ​ជីវិត​របស់​នាង​ដោយ​ស៊ូទ្រាំ​លែង​បាន​ទៅ​នឹង​ការ​ជិះ​ជាន់​ មនុស្ស​ដូច​ជា​សត្វ​ធាតុ​ដែល​ប្រទេស​ខ្មែរ​ពុំ​ធ្លាប់​មាន​បែប​នេះ ម្យ៉ាង​ប្រាក់​ខែ​ក៏​គ្មានទៀត​នោះ​រូប​នាង​សំរេច​ចិត្ត​រត់​ចេញ​ពី​ផ្ទះ​ សេដ្ឋី​ម៉ាឡេស៊ី​នៅ​វេលា​ម៉ោង​៦​ព្រឹក ​មិន​ចាំ​ថ្ងៃ​ខែ ខណៈ​ពេល​សេដ្ឋី​ឱ្យ​រូប​នាង​យក​កំបោរ​ទៅ​លាប​ផ្ទះ​នៅ​ខាង​ក្រៅ ។ នាង​បាន​រត់​ចេញ​ពី​ផ្ទះ​សេដ្ឋី​ទៅ​ចូល​ហាង​បាយ​មួយ ហើយ​ត្រូវ​​អ្នក​លក់​បាយ​ជន​ជាតិ​ម៉ាឡេស៊ី​ដែល​ស្គាល់​នាង​ជា​ខ្មែរ​​ហៅ​ឱ្យ ​ហូប​បាយ។ ពេល​​នោះ​នាង​មិន​ទាន់​បាន​ហូប​បាយ​​​ផង​ស្រាប់​តែ​ប្រពន្ធ​សេដ្ឋី​បើក​ឡាន​ ទៅ​ទាន់​ក៏​​បញ្ជា​ឱ្យ​ប៉ូលិស​ចាប់​នាង​វាយ​ដំ​ និង​សំរាត​ខោ​អាវ​នាង​អស់​ ហើយ​យក​ទៅ​ដាក់​គុក​ក្នុង​ដី​ឡូត៍​​ជា​មួយ​ជន​ជាតិ​ខ្មែរ​ប្រហែល​ជាង​១០០​ នាក់។

នាង​ឱ្យ​ដឹង​ថា ​នៅ​ទី​នោះ​អស់​រយៈ​ពេល​ជិត​១​ខែ ​រូប​នាង​មាន​គ្នា​​៤​នាក់​សំរេច​ចិត្ត​វាយ​ទ្វារ​គុក​រត់​ចេញ​ក្រៅ។ ​ពេល​នោះ​ប៉ូលិស​​បាន​ចាប់​ឃាត់​ខ្លួន​ពួក​នាង​ទាំង​​៤​នាក់។ ដោយ​មិន​អាច​រក្សា​ទុក​ក្នុង​គុក​បាន​ទៀត​គេ​យក​រូប​នាង​ទាំង​៤​នាក់​ទៅ​ ប្រគល់​ឱ្យ​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ដែល​តែង​តែ​សង្គ្រោះ​មនុស្ស​។ ជន​ជាតិ​ឥណា្ឌនោះ​​អាណិត​ពួក​នាង ក៏​ទិញ​សំបុត្រ​យន្ត​ហោះ​ឱ្យ​​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ​២ ធ្នូ ឆ្នាំ​២០១០។ ​ពល​​ការិនី​នេះ​ទៅ​ធ្វើការ​​នៅ​ប្រទេស​ម៉ាឡស៊ី​គេ​សន្យា​ឱ្យ​​ប្រាក់​​កំរៃ ​ក្នុង​១​ខែ​ជាង​១០០​ដុល្លារ តែ​ទីបញ្ចប់​១​រៀល​ខ្មែរ​ក៏​មិន​ទទួល​បាន​ផង។ ក្រុម​នារី​​រង​គ្រោះ​ និង​ឪពុក​ម្តាយ​បាន​សំណូម​ពរ​​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​សូម​ ប្រយ័ត្ន​ប្រយែង​ចំពោះ​​ការ​ឃោសនា​នាំ​ស្ត្រី​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ ម៉ាឡេស៊ី។ ​នាងបួ ម៉ៅ ​ផ្ទាល់ដែល​​ជា​អ្នក​រង​គ្រោះ​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ បាន​សំណូម​ពរ​ទៅ​រាជ​រដ្ឋា​ភិបាល​ឱ្យ​​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ទាំង​ឡាយ​ ដែល​នាំ​ពល​ការិនី​​ខ្មែរ​ចេញ​ទៅ​ធ្វើ​ការ​​នៅ​ប្រទេស​ម៉ាឡេស៊ី​ផង ចៀស​វាង​ជួប​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​។

តាម​នាង​បួ ម៉ៅ​ បញ្ជាក់​ថា​ មាន​ពល​រដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​​ជា​ច្រើន​រយ​ នាក់​ ដែល​ខ្លះ​ទោះ​ជា​ធ្វើ​ការ​ឱ្យ​ពួក​សេដ្ឋី​ចប់​កុង​ត្រា​ហើយ​ក៏​ដោយ ក៏​ពុំ​បាន​ប្រាក់​ខែ​សំរាប់​វិល​ត្រឡប់​មក​ប្រទេស​របស់​ខ្លួន​វិញ​ទេ។ ពល​ការិនី​ទាំង​៤​នាក់​ដែល​បាន​រត់​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​មក​ដល់​ប្រទេស​​ កម្ពុជា​វិញ​​តាម​ជើង​​យន្ត​ហោះ​កាល​ពី​ថ្ងៃ​ទី​២ ធ្នូ នោះ​ ១-​ឈ្មោះ​បួ ម៉ៅ រស់​នៅ​ភូមិ​ឯក​ភាព សង្កាត់​ប៉ាល​ហាល ក្រុង​ព្រះ​វិហារ ខេត្ត​ព្រះ​វិហារ, ២-​ឈ្មោះ​សុក ធី រស់​នៅ​ភូមិ​ច្រេះ ឃុំ​ត្រងិល ស្រុក​កំពង់​លែង ខេត្ត​កំពង់​ឆ្នាំង, ៣-​ឈ្មោះ​អា ចិន រស់​នៅ​រាជ​ធានី​ភ្នំពេញ និង​៤-​ឈ្មោះ​ណា រី រស់​នៅ​ខេត្ត​កំពង់​ចាម ។ ខាង​លើ​នេះ​គឺ​ជា​ការ​ដក​ស្រង់​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នាង​បួ​ ម៉ៅ ៕

(ប្រភព៖ កាសែតកោះសន្តិភាព)

Advertisements

បានចុះផ្សាយ 13 ខែធ្នូ 2010 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: