បច្ចេកទេសចិញ្ចឹមបង្កងក្នុងស្រះ   Leave a comment


http://note4today.files.wordpress.com/2012/02/shrimp.jpg?w=1000
ពូជបង្កងទឹកសាប

ដើម្បីចិញ្ចឹមបង្កងដោយជោគជ័យ ចាំ បាច់ត្រូវយកចិត្ដទុកដាក់លើកត្ដាសំខាន់៣ យ៉ាង គឺ ការរៀបចំស្រះ ការគ្រប់គ្រងគុណ ភាពទឹក និងការផ្ដល់ចំណី ។ រដូវកាលចិញ្ចឹម ៖ អាចចិញ្ចឹមបានពេញ១ ឆ្នាំ អាស្រ័យដោយមានប្រភពទឹកគ្រប់គ្រាន់ ។ វិធីសាស្ដ្រចិញ្ចឹម ៖ ការចិញ្ចឹមបង្កងក្នុង ស្រះមាន៣របៀប គឺការចិញ្ចឹមទ្រង់ទ្រាយ តូច ឬជាលក្ខណៈគ្រួសារទ្រង់ទ្រាយមធ្យម និងទ្រង់ទ្រាយធំ ឬចិញ្ចឹមជាលក្ខណៈ ឧស្សាហកម្ម ។

-ការចិញ្ចឹម ទ្រង់ទ្រាយតូច ឬជាលក្ខណៈ គ្រួសារ ៖ ជារបៀបចិញ្ចឹមដែលមិនចំណាយ ទុនច្រើនលើការទិញសំភារមកប្រើប្រាស់ ចំណី និងមិនទាមទារបច្ចេកទេសខ្ពស់ ។ ទិន្ន ផលអាចទទួលបានពី២០០ទៅ៤០០គីឡូ ក្រាម ក្នុង១ហិកតា ក្នុង១រដូវ រយៈពេលពី៦ ទៅ៨ខែ ។

-ការចិញ្ចឹមទ្រង់ទ្រាយមធ្យម ៖ ស្រះត្រូវ មានលក្ខណៈសមស្របតាមបច្ចេកទេស ទាម ទារឱ្យមានបច្ចេកទេសក្នុងការចិញ្ចឹម និង ចំណាយទុនច្រើន ដូចជាការទិញពូជ និង ចំណី ។ ទិន្នផលអាចទទួលបានពី៦០០ទៅ ១.៥០០គីឡូក្រាម ក្នុង១ហិកតា ក្នុង១រដូវ រយៈពេល៦ទៅ៨ខែ ។

-ការ ចិញ្ចឹមទ្រង់ទ្រាយធំ ឬចិញ្ចឹមជា លក្ខណៈឧស្សាហកម្ម ៖ ទាមទារត្រូវចំណាយ ទុនច្រើនលើការរៀបចំស្រះ ទិញកូនបង្កង ពូជចំណី ទិញសំភារប្រើប្រាស់ ដូចជាម៉ាស៊ីន បូមទឹក ម៉ាស៊ីនបង្កើនអុកស៊ីសែន។ល។ ទីតាំងស្រះចិញ្ចឹមទៀតសោតត្រូវសមស្របតាមលក្ខណៈបច្ចេកទេស មានផ្ទៃដីធំទូលាយ និងអនុវត្ដបច្ចេកទេសខ្ពស់ ។ ទិន្នផលអាច*ទទួលបានពី២.០០០ទៅ៤.០០០គីឡូក្រាម ក្នុង១រដូវ រយៈពេលពី៦ទៅ៨ខែ ។

១-ការរៀបចំស្រះសំរាប់ចិញ្ចឹម
១-១ទីតាំងជីកស្រះ

http://note4today.files.wordpress.com/2012/02/srash.jpg?w=1000

- ស្រះគួរជីកនៅតំបន់មានប្រភពទឹក ពេញមួយឆ្នាំ ជាប្រភេទទឹកសាប ស្អាតល្អ គ្មានជាតិពុល តំបន់គ្មានប្រើថ្នាំកសិកម្ម និង គ្មានកាកសំណល់ពីរោងចក្រ និងអាចធ្វើការ ផ្លាស់ប្ដូរទឹកបានដោយងាយស្រួល ដោយប្រើ ម៉ាស៊ីនបូប ឬអាចបញ្ចូលទឹកតាមរយៈរបប ទឹកជោរនាច ។ ហើយអាចជ្រើសរើសទីតាំង ចិញ្ចឹមនៅតំបន់ទឹកសាប ឬតំបន់ទឹកភ្លាវ ដែលមានកំហាប់អំបិលមិនលើសពី១០ភាគ ពាន់ ។

-ទីតាំងជីកស្រះ ជាប្រភេទដីល្បាយដីឥដ្ឋ ឬលាយខ្សាច់តិចតួច ដើម្បីអាចរក្សាទឹកបាន យូរ និងគ្មានជាតិជូរ ។
- ទីតាំងស្រះ ត្រូវនៅក្បែរផ្លូវគមនាគមន៍ និងត្រូវមានអគ្គិសនីគ្រប់គ្រាន់ ជាពិសេស សំរាប់ការចិញ្ចឹមទ្រង់ទ្រាយមធ្យម និងទ្រង់ ទ្រាយធំ ។

១-២-លក្ខណៈស្រះ
- ស្រះត្រូវមានរាងចតុកោណកែងមាន ផ្ទៃក្រឡាចាប់ពី១.០០០ម៉ែត្រការ៉េឡើងទៅ (ឬអាចមានទំហំតូចជាងនេះក៏បានដែរ សំរាប់ការចិញ្ចឹមទ្រង់ទ្រាយតូច) និងមាន ជំរៅទឹកពី១.២ទៅ១.៥ម៉ែត្រ ។ បាតស្រះ ត្រូវមានកំរិតជម្រាលទៅជ្រុងម្ខាង ដើម្បី ងាយស្រួលបញ្ចេញទឹកចោល ។ នៅបាត ស្រះត្រូវមានជីកប្រឡាយសំរាប់នាំទឹកពី កន្លែងបញ្ចូលទឹករហូតដល់កន្លែងបញ្ចេញទឹក ចោល ។ ប្រឡាយគួរមានទទឹងពី២ទៅ៣ ម៉ែត្រ និងត្រូវមានជំរៅជ្រៅជាងបាតស្រះពី ១០ទៅ១៥សង្ទីម៉ែត្រ ។ បាតស្រះ ត្រូវមាន ភក់ ឬមមោកតិច ។ ខ្នងភ្លឺស្រះត្រូវមានទំហំ យ៉ាងតិច២ម៉ែត្រ មានលក្ខណៈរឹងមាំល្អ គ្មាន រន្ធសត្វផ្សេងៗ និងមិនជ្រាបទឹក ។
- ស្រះចិញ្ចឹមនីមួយៗ ត្រូវមានប្រព័ន្ធ បញ្ចេញបញ្ចូលទឹក ។ បំពង់បញ្ចេញទឹក ចោលត្រូវនៅផ្នែកទាបបំផុត ហើយបំពង់ បញ្ចូលទឹកត្រូវនៅផ្នែកខាងទីខ្ពស់ ។

១-៣-គុណភាពទឹក
បង្កង ជាប្រភេទវារីសត្វរស់ក្នុងមជ្ឈដ្ឋាន ទឹកសាប ប៉ុន្ដែវាក៏អាចរស់នៅ និងធំធាត់បាន ក្នុងតំបន់ទឹកភ្លាវ ដែលមានកំហាប់អំបិល រហូតដល់១០ភាគពាន់ ។ បង្កងមានចរិតរស់ នៅស្រទាប់បាត ក្នុងមជ្ឈដ្ឋានទឹកស្អាត និង ត្រូវមានកត្ដាគុណភាពទឹកសំខាន់ៗផ្សេង ទៀតដូចខាងក្រោម ៖
-សីតុណ្ហភាព ៖ សមស្របពី២២ទៅ៣២ អង្សាសេ និងល្អបំផុតពី២៦-៣០អង្សាសេ។ បើសិនជាសីតុណ្ហភាពទឹកក្រោម១៦អង្សា សេ ឬលើសពី៤០អង្សាសេ ហើយកំរិត សីតុណ្ហភាពទឹកនេះអូសបន្លាយយូរថ្ងៃអាច ធ្វើឱ្យបង្កងងាប់បាន ។
- កំរិត ផះ ឬកំរិតជាតិជូរ ៖ សមស្រប មានពី៧ទៅ៨ ។ បង្កងមិនអាចរស់នៅក្នុងម មជ្ឈដ្ឋានទឹកដែលមានកំរិត ផះ ឬកំរិតជាតិ ជូរក្រោម៥ បានឡើយ ។
-កំហាប់អំបិល ៖ កំហាប់អំបិលសមស្រប សំរាប់ការលូតលាស់របស់បង្កងមិនលើសពី៥ ភាគពាន់ ។ ជាធម្មតាបង្កងក៏អាចធន់ និង រស់នៅបានក្នុងទឹកដែលមានកំហាប់អំបិល រហូតដល់២០ភាគពាន់ ប៉ុន្ដែត្រូវបង្កើនកំរិត កំហាប់អំបិលនេះឡើងសន្សឹមៗ បើមិន ដូច្នេះទេអាចធ្វើឱ្យបង្កងងាប់បាន ។
-បរិមាណអុកស៊ីហ្សែនក្នុង ទឹក ៖ បង្កងចូលចិត្ដរស់នៅក្នុងមជ្ឈដ្ឋានផ្ទៃទឹកធំទូលាយ ដែលមានកំរិតអុកស៊ីហ្សែនលើសពី៥មីល្លី ក្រាម ក្នុង១លីត្រ និងកំរិតអុកស៊ីហ្សែនតិច បំផុតរបស់ងង្កងគឺ៣មីល្លីក្រាមក្នុង១លីត្រ ។ កំរិតអុកស៊ីហ្សែននេះ គឺខ្ពស់ជាងកំរិតអុកស៊ី សែននៃប្រភេទត្រីទឹកសាប ស្ទើរតែទាំងអស់ ដែលមានតែ២មីល្លីក្រាម ក្នុង១លីត្រ ប៉ុណ្ណោះ ។ បើបរិមាណអុកស៊ីហ្សែនក្នុងទឹក ទាបជាង១.៥មីល្លីក្រាម ក្នុង១លីត្រ ធ្វើឱ្យ បង្កងងើបក្បាលលើផ្ទៃទឹក និងក្រោម១.២ មីល្លីក្រាម ក្នុង១លីត្រ ធ្វើឱ្យបង្កងងាប់ ។
-កំរិតរឹងនៃទឹក ៖ ទឹកមាន កំរិតរឹងពី៥០-១០០មីល្លីក្រាម ក្នុង១លីត្រ គឺ សមស្របសំរាប់បង្កង ។
- សារធាតុរ៉ែ (លោហធាតុ) ៖ បង្កងមិន អាចបន្ស៊ាំនឹងសារធាតុរ៉ែ (លោហធាតុ) ទេ ជាពិសេសគឺជាតិដែក ។ បរិមាណសារធាតុដែកមាន០.១ទៅ០.២មីល្លីក្រាម ក្នុង១លីត្រទឹក ដែលសមស្របសំរាប់បង្កង បើលើសពី៤មីល្លីក្រាម ក្នុង១លីត្រ នឹងបង្កគ្រោះថ្នាក់ដល់ បង្កង ។

១-៤-សំភារប្រើប្រាស់
អ្នក ចិញ្ចឹមបង្កងត្រូវមានម៉ាស៊ីនបូមទឹក សំរាប់ផ្លាស់ប្ដូរទឹកតាមពេលវេលាកំណត់ ឬ សំរាប់ប្ដូរទឹកនៅពេលទឹកស្រះអន់គុណភាព។ ម៉ាស៊ីនបូមទឹកគួរមានទំហំល្មម ដើម្បីងាយ ស្រួលចល័ត និងដឹកជញ្ជូន ។

១-៥-ការរៀបចំស្រះ
ការ រៀបចំស្រះ ជាកត្ដាសំខាន់ដែលត្រូវ យកចិត្ដទុកដាក់ ដើម្បីបង្កើតមជ្ឈដ្ឋានសម ស្របសំរាប់ការលូតលាស់របស់បង្កង ។ ការ រៀបចំស្រះមានរបៀបដូចខាងក្រោម ៖
-សំអាតស្មៅ កំទេចកំទីក្នុងស្រះ និង សំអាតរុក្ខជាតិដែលមាននៅជុំវិញភ្លឺស្រះ។ បូមពង្រីងស្រះចាប់ត្រីល្អិត ត្រីកាច (ដូចជា ត្រីរ៉ស់ ផ្ទក់ អណ្ដែង ក្រាញ់។ល។) និងអន្ទង់ ពស់ កង្កែបចេញ។
-ចំពោះស្រះចាស់ត្រូវ ស្ដារល្បាប់ភក់បាត ស្រះចេញ ដើម្បីបំបាត់មេរោគ ឧស្ម័នពុល ដោយរក្សាទុកកំរាស់ល្បាប់ភក់ពី១០ទៅ១៥ សង្ទីម៉ែត្រ ។
-ត្រូវ ជួសជុលភ្លឺស្រះឱ្យបានមាំល្អ លប់រន្ធ ឬប្រហោងផ្សេងៗនៅតាមភ្លឺស្រះ ។ ភ្លឺស្រះ ត្រូវមានកំពស់ខ្ពស់ជាងទឹកស្រះយ៉ាងតិច០.៥ ម៉ែត្រ ។
-ក្រោយពី ស្ដារល្បាប់ភក់រួច ត្រូវហាល ស្រះពី២ទៅ៧ថ្ងៃ ដើម្បីបំភាយឧស្ម័នពុល ផ្សេងៗ ដូចជាអ៊ីដ្រូហ្សែនស៊ុលផួ អាម៉ូ ញ៉ាក់ មេតាន …ចេញពីស្រះ ។ បើស្រះមានជាតិជូរមិនគួរហាលថ្ងៃយូរពេក ទេ ។

-ការបាចកំបោរ បាតស្រះ ៖ ប្រើកំបោរស បាចឱ្យសព្វបាតស្រះ ដើម្បីសំលាប់មេរោគ និងកែលំអកំរិត ផះ ឬកំរិតជាតិជូរនៃទឹក ។ ចំពោះស្រះថ្មី ត្រូវបាចកំបោរក្នុងបរិមាណពី៣ ទៅ៥គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ និង ចំពោះស្រះចាស់គួរប្រើកំបោរក្នុងបរិមាណពី ៧ទៅ១០គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ។

-ការដាក់ជី ៖ ក្រោយពេលរៀបចំស្រះរួច ត្រូវដាក់ជីដើម្បីបង្កើតចំណីធម្មជាតិ។ ប្រភេទជីដែលល្អ គឺជីលាមកសត្វមាន់ ទា និងជ្រូក ។ល។ ក្នុងបរិមាណពី២៥ទៅ៣០ គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ។ បើសិនជា គ្មានជីលាមកសត្វ យើងក៏អាចប្រើជីគីមី NPK ក្នុងបរិមាណពី២ទៅ៤ក្រាម ក្នុង១ ម៉ែត្រគូប ដោយត្រូវត្រាំជីក្នុងទឹកឱ្យរលាយ គ្រាប់អស់សិន រួចបាចឱ្យសព្វពេញផ្ទៃស្រះ ។
-ការបញ្ចូលទឹកក្នុងស្រះ ៖ ក្រោយពេល ដាក់ជីរួចបាន១ថ្ងៃ យើងត្រូវបញ្ចូលទឹកក្នុង ស្រះឱ្យបានពី៣០ទៅ៤០សង្ទីម៉ែត្រ។ ក្រោយ ពីបាចជីរួច រយៈពេលពី២ទៅ៣ថ្ងៃ រុក្ខជាតិ ប្លង់តុងបានកើតមានដែលធ្វើឱ្យទឹកស្រះមាន ពណ៌បៃតងខ្ចី រួចយើងត្រូវបញ្ចូលទឹកបំពេញ ស្រះ ។
ចំណាំ ៖ ពេលបញ្ចូលទឹកក្នុងស្រះ ត្រូវ ច្រោះនឹងស្បៃក្រឡាល្អិតទំហំ០.៥មីល្លីម៉ែត្រ ដើម្បីការពារត្រីល្អិត កំពឹស និងសត្វចង្រៃ ផ្សេងៗចូលក្នុងស្រះដែលបានរៀបចំហើយ ។
-ត្រូវរៀបចំមែកឈើ ឬឫស្សីដោយចង ជាបាច់ដាក់នៅបាតស្រះសំរាប់ជាជំរកនៅ ពេលបង្កងសក ។ ម្យ៉ាងទៀត យើងអាច ដាក់បន្ថែមរុក្ខជាតិទឹកដូចជា ចក ត្រកួន ដើម្បីជាចំណីបន្ថែម និងជាជំរកសំរាប់បង្កង។ បន្ទាប់មកត្រូវត្រៀមលក្ខណៈលែងកូនបង្កង ពូជក្នុងស្រះ ដែលបានរៀបចំហើយនោះ ។

២-ការជ្រើសរើសកូនបង្កងពូជ និង របៀបលែង

http://note4today.files.wordpress.com/2012/02/shrimp2.jpg?w=1000

២-១-ការជ្រើសរើសកូនបង្កងពូជ
ដើម្បីចិញ្ចឹមបង្កងឱ្យទទួលបានគុណភាព ល្អ យើងត្រូវយកចិត្ដទុកដាក់ចំណុចសំខាន់ៗ ដូចខាងក្រោម ៖
- គួរទិញកូនបង្កងពូជពីកសិដ្ឋានផលិតពូជ ដែលមានទំនុកចិត្ដ និងមានលិខិតបញ្ជាក់អំពី គុណភាព ។ បើសិនមានលទ្ធភាពយើងគួរ ជ្រើសរើសយក តែកូនបង្កងពូជឈ្មោលសុទ្ធ សំរាប់ដាក់ចិញ្ចឹម ពីព្រោះវាលូតលាស់លឿន ។
-ម្យ៉ាងទៀត ត្រូវជ្រើសរើសកូនបង្កង ពូជដាក់ចិញ្ចឹមឱ្យមានប្រវែងចាប់ពី៣សង្ទី ម៉ែត្រឡើងទៅ ដែលមានទំហំប៉ុនគ្នា មាន សុខភាពល្អ គ្មានរបួសស្នាម និងមានពុកមាត់ ជើង និងតង្កៀបគ្រប់គ្រាន់ ។
លក្ខណៈសំគាល់កូនបង្កងមានសុខភាពល្អ ៖
- ជាទូទៅ គឺពុកមាត់របស់វាជានិច្ចកាល មានលក្ខណៈស្របគ្នា ។ បើសិនជាពុកមាត់ របស់វាមានរាងជាអក្សរវ៉េ បញ្ជាក់ថា កូនបង្កងមានសុខភាពខ្សោយ ។
-មានសកម្មភាពហែលរហ័សរហួន ។ នៅពេលផ្ដាច់ចរន្ដខ្យល់អុកស៊ីហ្សែន កូនបង្កងមានសុខភាពល្អ តែងតែឡើងមកផ្នែកខាងលើនៃផ្ទៃទឹក ។
-ម្យ៉ាងទៀត កូនបង្កងមានសុខភាពល្អ គឺ គេសំគាល់នៅលើដងខ្លួនរបស់វា មានពណ៌ ខៀវថ្លា ។ ចំពោះកូនបង្កងមានជំងឺ គឺដងខ្លួន របស់វាមានពណ៌សស្រអាប់ ហើយគំរបកំផ្លៀងរបស់វាមានពណ៌ខ្មៅ ។

២-២-របៀបលែងកូនបង្កងដាក់ចិញ្ចឹម
- មុនពេលលែងកូនបង្កង ត្រូវធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះជាមុនសិន ។ បើសិនជាទឹកស្រះមានលក្ខណៈល្អ ក្រោយពេលស្រះបានរៀបចំហើយ គឺយើងអាចលែងកូនបង្កងចូលស្រះបាន ។
-ក្នុងករណីដែលកូនបង្កង ពូជដឹកជញ្ជូន ដោយដាក់ក្នុងថង់បា្លស្ទិក និងមានបញ្ចូលខ្យល់អុកស៊ីហ្សែន មុននឹងលែងកូនបង្កងចូលក្នុងស្រះ យើងត្រូវត្រាំថង់កូនបង្កងក្នុងទឹកស្រះរយៈពេលពី១០ទៅ១៥នាទីជា មុនសិន ដើម្បីឱ្យសីតុណ្ហភាពទឹកក្នុងថង់បន្ស៊ាំនឹងសីតុណ្ហភាពទឹកក្នុងស្រះ ។ បន្ទាប់មក ទើ យើងចាប់ផ្ដើមបើកមាត់ថង់ឱ្យកូនបង្កង ហែលចេញតាមសំរួល ។ គេត្រូវលែងកូនបង្កងចំងាយប្រហែល២ម៉ែត្រពីមាត់ស្រះ ដើម្បីចៀសវាងកុំឱ្យវាលោតឡើងលើមាត់ ស្រះ ។ ត្រូវលែងកូនបង្កងនៅពេលអាកាស ធាតុត្រជាក់ ជាពិសេសគឺនៅពេលព្រឹក ។
-ដង់ស៊ីតេដាក់ចិញ្ចឹម ៖ សំរាប់ការចិញ្ចឹម ជាលក្ខណៈគ្រួសារ ដង់ស៊ីតេកូនបង្កងដាក់ ចិញ្ចឹមមានពី៣ទៅ៥ក្បាល ក្នុង១ម៉ែត្រ
កា រ៉េ ។ សំរាប់ការចិញ្ចឹមទ្រង់ទ្រាយមធ្យម បរិមាណកូនបង្កងដាក់ចិញ្ចឹមមានពី៥ទៅ៧ ក្បាលក្នុង១ម៉ែត្រការ៉េ និងសំរាប់ការចិញ្ចឹម ទ្រង់ទ្រាយធំ ឬចិញ្ចឹមជាលក្ខណៈឧស្សាហ កម្មបរិមាណកូនបង្កងដាក់ចិញ្ចឹមគឺពី១២ទៅ ១៥ក្បាល ក្នុង១ម៉ែត្រការ៉េទឹកស្រះ ។

ការចិញ្ចឹមចំរុះជាមួយត្រី ៖
-យើងអាចចិញ្ចឹមបង្កងជាមួយប្រភេទ ត្រីផ្សេងៗបាន ដើម្បីប្រើប្រាស់ឱ្យអស់នូវ ចំណីដែលមានក្នុងស្រះ និងដើម្បីជួយកែលំអ គុណភាពទឹកស្រះ ។ ការចិញ្ចឹមចំរុះនេះ យើងអាចដាក់ត្រីចិញ្ចឹមបានតែក្នុងស្រះ ចិញ្ចឹមបង្កង ដែលចិញ្ចឹមជាទ្រង់ទ្រាយតូច និងមធ្យមប៉ុណ្ណោះ ។
-សំរាប់ប្រភេទត្រីដាក់ចិញ្ចឹមចំរុះជាមួយ បង្កង គឺជាប្រភេទត្រីដែលរស់នៅស្រទាប់លើ និងស្រទាប់កណ្ដាល និងជាប្រភេទត្រីដែល មិនប្រជែងចំណីជាមួយបង្កង ដូចជា ប្រភេទ ត្រីកាបស កាបក្បាលធំ កាបស៊ីស្មៅ និងត្រី ឆ្ពិនជាដើម ។
-ដង់ស៊ីតេត្រីដាក់ចិញ្ចឹម គឺ១ក្បាលក្នុង៥ ទៅ១០ម៉ែត្រការ៉េ នៃផ្ទៃទឹកស្រះ ។

៣-ចំណី និងរបៀបផ្ដល់ចំណី
ត្រូវផ្ដល់ចំណីគ្រប់ល្មម ចៀសវាងផ្ដល់ ចំណីលើស ពីព្រោះចំណីដែលនៅសល់ច្រើន ក្នុងស្រះ អាចបំលែងជាធាតុពុលបង្កឱ្យកើតមានរុក្ខជាតិប្លង់តុងច្រើន ធ្វើឱ្យបង្កងពិបាកសក និងលូតលាស់មិនល្អ ។ ដូចនេះការផ្ដល់ចំណីខ្វះបន្ដិចប្រសើរជាងការផ្ដល់ចំណីលើស ។

៣-១-ចំណី
ដើម្បីឱ្យបង្កងសក និងមានការលូតលាស់ ល្អ ចំណីត្រូវមានសារធាតុបំប៉នសំខាន់ៗដូច ជា ប្រូតេអ៊ីនពី៣០ទៅ៣៥ភាគរយ លីពីត៣ ទៅ៥ភាគរយ កាល់ស្យូម២ទៅ៣ភាគរយ ផូស្វរ១ទៅ១.៥ភាគរយ និងសែលុយឡូសពី ៣ទៅ៥ភាគរយ ។ យើងអាចប្រើចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់ ដែលមានសារធាតុ ដូចខាងលើ ។ ចំពោះចំណីគ្រាប់មានបរិមាណ សារធាតុបំប៉នមិនប្រែប្រួល និងងាយស្រួល ប្រើប្រាស់ ប៉ុន្ដែមានតំលៃខ្ពស់ ។ រីឯចំណីកែ ច្នៃ និងចំណីស្រស់មានតម្លៃថោកជាងចំណី គ្រាប់ ព្រោះយើងអាចរកបាននៅតាមមូល ដ្ឋាន តែប្រភេទចំណីនេះមានបរិមាណសារ ធាតុបំប៉នប្រែប្រួល ដែលធ្វើឱ្យយើងចំណាយពេលវេលាច្រើនក្នុងការផ្ដល់ចំណី ។ ការផ្សំចំណីអាស្រ័យលើវត្ថុធាតុដើម ដែលមាននៅតាមមូលដ្ឋាន និងមានរូបមន្ដផ្សំចំណីផ្សេងៗគ្នា ប៉ុន្ដែចាំបាច់ត្រូវធានាឱ្យមាននូវបរិមាណសារធាតុបំប៉នសំខាន់ៗ ដូចជា ម្សៅគ្រាប់ធញជាតិ៦៥ភាគរយ ម្សៅត្រី២៥ភាគរយ និងប្រភេទសារធាតុផ្សេងៗទៀតចំនួន១០ភាគរយ ។ បន្ទាប់មក យើងអាចកែច្នៃតាមរូបមន្ដដូចខាងក្រោម ៖
-ម្សៅសណ្ដែកសៀង ៖ ២០%
-កន្ទក់ ៖ ៣៥%
-ម្សៅមី ៖ ១០%
-ម្សៅត្រី ៖ ២៥%
-ម្សៅឆ្អឹង ៖ ២%
-ម្សៅគ ៖ ៥%
-ព្រីម៉ិច ៖ ២%
-និងសារធាតុខ្លាញ់ (ខ្លាញ់ត្រី មឹក ប្រេង ដូង) ៖ ១%

៣-២-របៀបផ្ដល់ចំណី
ចំណីគ្រាប់ ឬចំណីកែច្នៃត្រូវផ្ដល់ឱ្យបង្កង នៅខែដំបូង និងខែបន្ទាប់ ។ ចំណែកប្រភេទ ចំណីស្រស់មានដូចជា ត្រីល្អិត កំពឹស ក្ដាម ខ្យង។ល។ ដែលមានតម្លៃថោកនៅរដូវ វស្សាក៏អាចផ្ដល់ជាចំណីបង្កងបានដែរ ។ ចំណីស្រស់មានគុណភាពធ្វើឱ្យបង្កងមានការ លូតលាស់លឿន និងបានកាត់បន្ថយការ ចំណាយលើការទិញចំណីគ្រាប់ ប៉ុន្ដែចំណី ស្រស់ងាយធ្វើឱ្យខូចគុណភាពទឹកស្រះផង ដែរ ។

-កន្ដ្រងចំណី ៖ ដើម្បីងាយស្រួលក្នុងការ ត្រួតពិនិត្យ និងគ្រប់គ្រងបរិមាណចំណីដែល ត្រូវផ្ដល់ឱ្យបង្កងស៊ី យើងត្រូវដាក់កន្ដ្រងចំណី ចំនួន៤នៅតាមជ្រុងស្រះ ហើយកន្ដ្រង នីមួយៗត្រូវដាក់ឱ្យផុតពីបាតស្រះកំពស់១០ សង្ទីម៉ែត្រ ។ កន្ដ្រងនីមួយៗគួរមានទំហំ១ ម៉ែត្រការ៉េ ។ រាល់ពេលផ្ដល់ចំណីត្រូវបាច ចំណីឱ្យសព្វពេញផ្ទៃស្រះ និងត្រូវដាក់ចំណី បន្ថែមនៅក្នុងកន្ដ្រងចំណីប្រហែល១ភាគរយ នៃបរិមាណចំណីសរុប ។ ក្រោយពីផ្ដល់ចំណី បានរយៈពេល១ម៉ោងត្រូវត្រួតពិនិត្យមើល កន្ដ្រងចំណី បើសិនជាបង្កងទើបតែស៊ីចំណី អស់បញ្ជាក់ថា ចំណីគ្រប់ល្មមសំរាប់បង្កង ។ បើសិនជាចំណីនៅសល់ច្រើន គឺត្រូវបន្ថយ ចំណីនៅពេលដាក់លើកក្រោយ ។ ប៉ុន្ដែបើបង្កងស៊ីចំណីអស់លឿន យើងត្រូវបង្កើន បរិមាណចំណីនៅពេលដាក់លើកក្រោយ ។

-អត្រាផ្ដល់ចំណី ៖ ត្រូវផ្ដល់ចំណីឱ្យបង្កង ស៊ីចំនួន២ដង ក្នុង១ថ្ងៃ គឺនៅម៉ោង៥ព្រឹក និង ម៉ោង៥ល្ងាច ។ ពេលព្រឹកត្រូវផ្ដល់ចំណី៣០ ភាគរយនៃបរិមាណចំណីទាំងអស់ និងនៅ ពេលល្ងាចផ្ដល់៧០ភាគរយនៃបរិមាណចំណី ដែលនៅសល់ ។ បរិមាណចំណីត្រូវផ្ដល់ឱ្យ បង្កងរាល់ថ្ងៃ ទៅតាមដំណាក់កាលលូតលាស់ របស់វា និងគិតតាមទំងន់បង្កងសរុបដែល មាននៅក្នុងស្រះ (មើលតារាងទី១ខាង ក្រោម) ។

-មុនពេលដាក់ចំណីក្នុងកន្ដ្រង ត្រូវ សំអាតកន្ដ្រងឱ្យបានស្អាតជាមុនសិន រួចទើប ដាក់ចំណីថ្មីចូល ។
តារាងទី១ ៖ បរិមាណចំណី និងអត្រារស់ របស់បង្កង

-រយៈពេលចិញ្ចឹម (ថ្ងៃ) ១ដល់២០ ទម្ងន់មធ្យម (ក្រាម) ៤ អត្រារស់(%) ១០០ បរិមាណចំណី (%) ២០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ២១ដល់៤០ ទម្ងន់មធ្យម (ក្រាម) ៧ អត្រារស់៩៥ បរិ មាណចំណី (%) ១៥ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៤១ដល់៦០ ទម្ងន់មធ្យម (ក្រាម) ១៣ អត្រារស់ ៩០ បរិមាណចំណី (%) ១០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៦១ដល់៨០ ទម្ងន់មធ្យម (ក្រាម) ២២ អត្រារស់៨៥ បរិ មាណចំណី (%) ៨០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៨១ដល់១០០ ទម្ងន់មធ្យម (ក្រាម) ៣១ អត្រារស់៨០ បរិ មាណចំណី (%) ៥ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១០១ដល់ ១២០ ទម្ងន់មធ្យម (ក្រាម) ៤០ អត្រារស់ ៧៥ បរិមាណចំណី (%) ៤ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១២១ឡើង ទម្ងន់មធ្យម (ក្រាម) លើ៥០ អត្រារស់៧០ បរិមាណចំណី (%) ៣ ។
ប្រការដែលត្រូវចងចាំនៅពេលដាក់ចំណី

-ចំណីកែច្នៃ ៖ ត្រូវលាយច្របល់ចំណី បញ្ចូលគ្នាឱ្យសព្វ និងត្រូវមានដាក់ម្សៅស្អិត (ម្សៅគ) រួចកិនចេញជាគ្រាប់សំរាប់ផ្ដល់ឱ្យ បង្កងស៊ី ។ ប្រភេទចំណីដែលកែច្នៃរួចនេះ គឺ សំរាប់ប្រើតែ១ថ្ងៃប៉ុណ្ណោះ ។

-ចំណីស្រស់ ៖ ត្រូវលាងចំណីស្រស់ឱ្យ ស្អាត និងកាត់ជាដុំល្អិតៗ ទើបដាក់ឱ្យបង្កង ស៊ី ។ មិនត្រូវយកចំណីដែលងាប់ ឬខូចគុណ ភាពមកធ្វើជាចំណីបង្កងឡើយ ។
-ចំណីគ្រាប់ ៖ ចំពោះចំណីគ្រាប់មិនត្រូវ ប្រើចំណីណាដែលហួសពេលកំណត់ប្រើប្រាស់ ឬដុះផ្សិតឡើយ ។

-ការចាប់ចំណី ៖ បង្កងចាប់យកចំណី ដោយស្រង់ក្លិន ដូចនេះចំពោះចំណីកែច្នៃយើងអាចលាយវាជាមួយចំណីស្រស់ ដើម្បីឱ្យចំណីកែច្នៃមានក្លិនដែលងាយទាក់ទាញឱ្យបង្កងស៊ី ។

-ការប្រើប្រាស់វីតាមីន ៖ ដើម្បីបង្កើន សុខភាពរបស់បង្កង និងចៀសផុតពីជំងឺ ផ្សេងៗ យើងអាចប្រើវីតាមីនសេ ជ លាយជា មួយចំណីបាន ។

-ការត្រួតពិនិត្យការលូតលាស់របស់ បង្កង ៖ យើងអាចកំណត់រយៈពេល២០ថ្ងៃ ម្ដង ដើម្បីចាប់បង្កងមួយចំនួនពីកន្ដ្រងចំណី ទាំង៤យកមកថ្លឹង និងគិតរកទម្ងន់មធ្យម ។ បន្ទាប់មក ផ្អែកលើអត្រារស់របស់បង្កង ដែល មានបញ្ជាក់នៅក្នុងតារាងទី១ យើងអាច គណនាទម្ងន់បង្កងសរុបដែលមានក្នុងស្រះ ហើយបន្ទាប់មក យើងអាចគណនាបរិមាណ ចំណីដែលត្រូវផ្ដល់ឱ្យបង្កងស៊ីនៅដំណាក់ កាលបន្ទាប់ ។
៤-ការគ្រប់គ្រងគុណភាពទឹកស្រះ
បង្កងលូតលាស់ និងធំធាត់អាស្រ័យទៅ លើការសករបស់វា ។ ដើម្បីធ្វើឱ្យបង្កងសក បានដោយងាយ ចាំបាច់ត្រូវគ្រប់គ្រងគុណ ភាពទឹកស្រះឱ្យបានល្អ ដែលជាកត្ដាសំខាន់ចាំ បាច់បំផុត ។
ខាងក្រោមនេះ គឺជាវិធីសាស្ដ្រ មួយចំនួនក្នុងការគ្រប់គ្រងគុណភាពទឹកស្រះ ឱ្យបានល្អ ៖

ក-ការផ្លាស់ប្ដូរទឹក ៖
-ការផ្លាស់ប្ដូរទឹក គឺមានគោលបំណង ដើម្បីកាត់បន្ថយភាពកខ្វក់នៃទឹកស្រះធ្វើឱ្យ ទឹកស្រះថ្លាល្អ បង្កើនបរិមាណខ្យល់អុកស៊ី ហ្សែនក្នុងស្រះ និងបានបញ្ចេញចោលឧស្ម័ន ពុលផ្សេងៗដូចជា អ៊ីដ្រូហ្សែនស៊ុលផួ (H2S) អាម៉ូញ៉ាក់ NH3 ឧស្ម័នកាបូនិក CO2 ជា ដើម។ល។ ជាធម្មតានៅខែដំបូងយើងមិន ចាំបាច់ផ្លាស់ប្ដូរទឹកទេ ព្រោះលាមករបស់បង្កងនៅបាតស្រះមានបរិមាណតិចតួចនៅឡើយ ។ នៅខែទី២ ត្រូវប្ដូរទឹកេឱ្យបានញឹកញាប់ ឬរៀងរាល់ថ្ងៃ ។ បរិមាណទឹកត្រូវប្ដូរ អាស្រ័យលើគុណភាពទឹកស្រះ និងទំហំនៃការចិញ្ចឹម ។ ជាទូទៅយើងអាចប្ដូរទឹកពី១០ ទៅ២០ភាគរយនៃផ្ទៃទឹកស្រះ ។ ការប្ដូរទឹក នេះ គឺត្រូវបូមយកលាមកបង្កង និងកាក សំណល់ផ្សេងៗទៀតចេញពីផ្នែកបាតស្រះ និងបញ្ចូលទឹកថ្មីមកវិញនៅផ្នែកខាងលើនៃ ផ្ទៃស្រះ ដោយមានប្រើស្បៃច្រោះទឹកដែល បង្ហូរចូល ។

-ការដាក់ចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេ ខ្ពស់ ត្រូវធ្វើការផ្លាស់ប្ដូរបរិមាណទឹកច្រើន
ជាងការចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេទាប។ ចំពោះការចិញ្ចឹមដោយប្រើចំណីស្រស់ងាយ ធ្វើឱ្យខូចគុណភាពទឹកណាស់ ដូចនេះចាំបាច់ ត្រូវផ្លាស់ប្ដូរទឹកឱ្យបានច្រើនដែរ ។
ខ-កត្ដាសំខាន់ៗនៃគុណភាពទឹក
ជានិច្ចកាល យើងត្រូវត្រួតពិនិត្យកត្ដា សំខាន់ៗនៃគុណភាពទឹក ដូចជាសីតុណ្ហភាព ផះ (កំរិតជាតិជូរនៃទឹក) កំរិតរលាយខ្យល់ អុកហ្សែនក្នុងទឹក កំរិតរឹងនៃទឹក។ល។ ដើម្បី កែលំអទាន់ពេលវេលានៅពេលគុណភាព ទឹកមានការប្រែប្រួល ។

-កំរិត ផះ (កំរិតជាតិជូរនៃទឹក) ៖ ជា និច្ចកាលមានការប្រែប្រួលដោយសារការ កើនឡើងនៃរុក្ខជាតិប្លង់តុងដែលធ្វើឱ្យ ផះ ខ្ពស់ និង ផះ ចុះទាប ដោយមានការបំភាយ នៃសមាសធាតុសេរីរាង្គនៅបាតស្រះ ។ ម្យ៉ាងទៀតទឹកស្រះមានជាតិអាស៊ីត ឬជាតិ ជូរ ឬ ផះ ចុះទាប ដោយសារទឹកភ្លៀង ឬ ប្រភពទឹកផ្សេងៗ ។ ដូចនេះត្រូវរក្សាកំរិត ផះ ទឹកស្រះឱ្យបានល្អឱ្យនៅចន្លោះពី៧ទៅ
៨ ។ បើសិន ផះ ក្រោម៧ ឬលើសពី៩នឹងជះ ឥទ្ធិពលអាក្រក់ដល់បង្កង ។ ដើម្បីកែលំអ ផះ ត្រូវផ្លាស់ប្ដូរទឹក ឬប្រើប្រាស់កំបោរ ។ បើសិនជារុក្ខជាតិប្លង់តុងកើតមានច្រើនធ្វើឱ្យ ផះ ឡើងខ្ពស់ត្រូវប្ដូរទឹកជាថ្មី ។ មុនពេលភ្លៀងត្រូវបាចកំបោរសនៅជុំវិញស្រះ ដើម្បីការពារជាតិជូរហូរពីមាត់ស្រះ ។ ក្រោយពេលភ្លៀងត្រូវវាស់កំរិត បើសិន ផះ ក្រោម៧គឺត្រូវប្រើកំបោរសពី១ទៅ១.៥គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ដោយត្រូវលាយជាមួយទឹកឱ្យរលាយអស់ រួចបាចឱ្យសព្វពេញផ្ទៃស្រះដើម្បីបង្កើនកំរិត ផះ ។

-កំរិតខ្យល់អុកស៊ីហ្សែនក្នុងទឹក ៖ កង្វះ ខ្យល់អុកស៊ីហ្សែនក្នុងទឹកស្រះ ធ្វើឱ្យបង្កង ងើបនៅលើផ្ទៃទឹក និងអាចបណ្ដាលឱ្យបង្កង ងាប់ ។ បញ្ហានេះងាយកើតមានណាស់នៅ តាមស្រះចិញ្ចឹមបង្កង ។ មូលហេតុដែលកង្វះ ខ្យល់អុកស៊ីហ្សែន ក្នុងស្រះបណ្ដាលមកពី ស្រះសំបូរដោយសារធាតុសេរីរាង្គមានចំណីសល់ច្រើនក្នុងស្រះ និងមានរុក្ខជាតិប្លង់តុងកើតមានច្រើន។ល។ កំរិតរលាយខ្យល់អុកស៊ីហ្សែនតិចបំផុតក្នុងស្រះ គឺ៣.៥មីល្លីក្រាម ក្នុង១លីត្រទឹក ។ កំរិតរលាយខ្យល់អុកស៊ីហ្សែនក្រោម២មិល្លីក្រាម ក្នុង១លីត្រ និងធ្វើឱ្យបង្កងងាប់ ។ យើងអាចបង្កើនបរិមាណខ្យល់អុកស៊ីហ្សែនក្នុងស្រះដោយបញ្ចូល ខ្យល់អុកស៊ីហ្សែនក្នុងស្រះ ឬផ្លាស់ប្ដូរទឹក ។

-កំរិតថ្លានៃទឹក ៖ ត្រូវរក្សាកំរិតថ្លានៃទឹក ស្រះពី២៥ទៅ៤០សង្ទីម៉ែត្រ ។ បើសិនជា កំរិតថ្លានៃទឹកក្រោម២៥សង្ទីម៉ែត្រ មានន័យ ថា ទឹកស្រះល្អក់ ពេលនោះត្រូវផ្លាស់ប្ដូរទឹក និងរៀបចំដាក់ចំណីឱ្យបានត្រឹមត្រូវ ។ បើ កំរិតថ្លានៃទឹកលើសពី៤០សង្ទីម៉ែត្រ ត្រូវ បន្ថែមជីសរីរាង្គ ឬអសរីរាង្គ ដើម្បីបង្កើន ពណ៌ទឹកស្រះ ។ បើទឹកស្រះមានពណ៌បៃតង ខ្ចី គឺទឹកមានលក្ខណៈល្អបំផុត ។ បើសិនជា ទឹកស្រះមានពណ៌បៃតងចាស់ ឬពណ៌ក្រម៉ៅ ត្រូវធ្វើការផ្លាស់ប្ដូរទឹក ។

-កំរិតរឹងនៃទឹក ៖ ទឹកស្រះដែលមានកំរិត រឹងសរុបពី៥០ទៅ១០០មីល្លីក្រាម ក្នុង១លីត្រ គឺមានលក្ខណៈសមស្រប ។ បើកំរិតរឹងនៃទឹកក្រោម៥០មីល្លីក្រាមក្នុង១លីត្រ ត្រូវបន្ថែមកំបោរស ឬម្សៅសំបកងាវដើម្បីបង្កើនកំរិតរឹងនៃទឹកដែលជួយឱ្យបង្កងងាយ សក និងងាយកកើតសំបកថ្មី ។

គ-ការថែទាំបង្កងក្នុងស្រះ

-ជានិច្ចកាលត្រូវតាមដានសកម្មភាព របស់បង្កង បើឃើញបង្កងងើបនៅលើផ្ទៃទឹក ខុសធម្មតា ត្រូវធ្វើការត្រួតពិនិត្យគុណភាព ទឹកស្រះ ដើម្បីមានវិធានការកែលំអទាន់ ពេលវេលា ។ នៅពេលព្រឹកព្រលឹម បើសិនជាឃើញបង្កងហែលខុសធម្មតា ដោយប្រមូលផ្ដុំគ្នានៅជ្រុងស្រះ នោះបញ្ជាក់ថា ទឹកស្រះខ្វះខ្យល់អុកស៊ីហ្សែន ដូចនេះយើងត្រូវបន្ថែមខ្យល់អុកស៊ីហ្សែន ឬផ្លាស់ប្ដូរទឹកជាបន្ទាន់ ។

-ត្រូវត្រួតពិនិត្យស្រះជារៀងរាល់ថ្ងៃ ដូច ជា នៅមាត់ស្រះ ទ្វារទឹកចេញ-ចូលស្រះ និង ត្រូវកំចាត់សត្វចង្រៃដូចជា កណ្ដុរ ពស់ កង្កែប ជាដើម។ល។

៥-ការប្រមូលផលបង្កង
http://note4today.files.wordpress.com/2012/02/shrimp3.jpg?w=1000

ក្រោយការចិញ្ចឹមរយៈពេលពី៤ទៅ៥ខែ បង្កងមានទម្ងន់មធ្យមពី៣០ទៅ៥០ក្រាម ក្នុង១ក្បាល ពេលនោះយើងអាចប្រមូលផល បានហើយ ។ ការប្រមូលផលបង្កងចិញ្ចឹម មានពីរបែបគឺ ការប្រមូលផលរំលោះ និងការ ប្រមូលផលទាំងស្រុង ។

-ការប្រមូលផលរំលោះ ៖ ក្រោយការ ចិញ្ចឹមបានរយៈពេល៤ខែ យើងអាចប្រមូល ផលរំលោះ ដោយចាប់យកតែបង្កងដែលមាន ទំហំធំ និងបង្កងមេ ។ ចំណែកឯបង្កងឈ្មោល ត្រូវបានរក្សាទុកចិញ្ចឹមរហូតដល់ចុងរដូវ ។ ការប្រមូលផលរបៀបនេះធ្វើឱ្យការចិញ្ចឹម ទទួលទិន្នផលខ្ពស់ ពីព្រោះបង្កងឈ្មោលមាន ការលូតលាស់លឿននៅដំណាក់កាលចុង ក្រោយ ។

-ការប្រមូលផលទាំងស្រុង ៖ នៅពេល បង្កងភាគច្រើនមានទំហំធំក្លាយជាបង្កងសាច់ ហើយយើងអាចប្រមូលផលទាំងស្រុងបាន ។ ដើម្បីងាយស្រួលក្នុងការប្រមូលផល យើង ត្រូវបញ្ចេញទឹកស្រះពាក់កណ្ដាល រួចអូសអួន ពី៣ទៅ៤ដង ។ បន្ទាប់មក បង្កងនៅសល់ តិចតួច យើងអាចបូមពង្រីងស្រះ និងប្រមូល ចាប់ទាំងអស់ ។ ក្រោយពេលប្រមូលផលរួច ត្រូវប្រោះបង្កងទុកក្នុងអាង ឬក្នុងធុង ដែល មានដាក់ខ្យល់អុកស៊ីហ្សែន ដោយរើសចេញ នូវបង្កងតូចៗ ឬត្រីល្អិតមុនពេលលក់ ។ ត្រូវ ដឹកជញ្ជូនបង្កង ដោយមានដាក់ខ្យល់អុកស៊ី ហ្សែន ដើម្បីធ្វើឱ្យបង្កងរស់បានយូរ និងលក់ បានតម្លៃថ្លៃ ៕

(ដកស្រង់ចេញពីសៀវភៅនាយកដ្ឋានជលផល)

បានផ្សាយ ខែ​កុម្ភៈ 11, 2012 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កសិកម្ម

ACLEDA Bank Plc. on Facebook   Leave a comment


http://note4today.files.wordpress.com/2012/02/acleda-on-face-book.jpg?w=1000

ACLEDA Bank has its latest news (highlight), photos, and videos on Facebook. So Facebook’s users can get it’s latest information automatically when they have updated it on ACLEDA Bank’s website.

To find ACLEDA Bank on Facebook, please go to http://www.acledabank.com.kh and then click on Facebook’s icon, or visit http://www.facebook.com/acledabankplc. If you have an account on Facebook, please sign in and then click on the button “Like” to post on your Facebook

បានផ្សាយ ខែ​កុម្ភៈ 9, 2012 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង ធនាគារ

យុគសម័យថ្មបំបែកនៃសតវត្សទី២១   1 comment


កុលសម្ព័ន្ធដានី(Dani) ក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានរកឃើញតាំងពីទសវត្សឆ្នាំ១៩៣០ នៃសតវត្សទី២០ម៉្លេះ ប៉ុន្តែរហូតមកដល់សព្វថ្ងៃកុលសម្ព័ន្ធមួយនេះអត់ប្រែប្រួលអ្វី សោះ នៅតែប្រកាន់ទំនៀមទម្លាប់ប្រពៃណីឆ្អើរសពមេកន្ទ្រាញទុកគោរព បូជាឱ្យបានយូរ និងកាត់ម្រាមដៃខ្លួនឯងមួយថ្នាំងរាល់ពេលមានសាច់ញាតិណា ម្នាក់ស្លាប់ ។ កុលសម្ព័ន្ធយុគថ្មក្នុងសតវត្សទី២១កុលសម្ព័ន្ធដានីផ្តុំគ្នា នៅភូមិវីសាឡេប(Wesalep) ឃ្លាតពីវ៉ាមេណា (Wamena) ក្នុងចម្ងាយផ្លូវត្រូវដើរកាត់ព្រៃមួយសប្តាហ៍ទើបដល់។ ភូមិវីសាឡេប នៅក្នុងព្រៃជ្រៅលើខ្នងភ្នំ មួយនៅជាប់ភ្នំ Jayawijaya ដែលជាជួរភ្នំខ្ពស់ជាងនីវ៉ូទឹកសមុទ្រ៤.៨០០ម៉ែត្រ(ភ្នំខ្ពស់ ទី២នៅប្រទេសឥណ្ឌូណេស៊ី)។

http://note4today.files.wordpress.com/2012/02/jayawijaya-mountant.jpg?w=1000
ជួរភ្នំ Jayawijaya

ដានី ជាកុលសម្ព័ន្ធមួយធំមានសមាជិកប្រហែល២៥០.០០០នាក់។ តំបន់មានកុលសម្ព័ន្ធដានីរស់នៅផ្តុំគ្នាច្រើន គឺតំបន់ វ៉ាមេណា ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ១.០០០ម៉ែត្រ ក្តោបដោយប្រជុំភ្នំ Zyklopenberge។ ដែនកោះញូវហ្គីនៀ (New Guinea) ប៉ែកខាងឥណ្ឌូណេស៊ីជាដែនដីដាច់ស្រយាល ធ្វើដំណើទៅមកបានតែដោយសារយន្តហោះប៉ុណ្ណោះ ។ ដូច្នេះហើយទើបដែនដីសម្បូរកុលសម្ព័ន្ធដានីនេះ ហាក់ដូចត្រូវគេបំភ្លេចចោលក្នុងជីវិតសម័យទំនើបដែលមានការរីកច ម្រើនឈានឡើងជានិច្ច។
ទសវត្សឆ្នាំ១៩៣០នៃសតវត្សទី២០ មានដំណើររុករកច្រើនគួរសមមកកាន់ដែនដីព្រៃភ្នំនេះ ហើយក្នុងចំណោមទិដ្ឋភាពប្លែកៗ ដែលរកឃើញពេលនោះ គេភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលប្រទះកុលសម្ព័ន្ធស្បែកក្រហម មួយប្រភេទ នៅតែរក្សាការរស់នៅតាមបែបបុព្វកាល គឺកុលសម្ព័ន្ធដានីនេះឯង ។ កុលសម្ព័ន្ធដានី និយមរស់នៅក្នុងខ្ទមមូលៗ ដែលគេឱ្យឈ្មោះថា honai ព្រោះវាធ្វើពីឈើ honai និងស្លឹកឈើ។

http://note4today.files.wordpress.com/2012/02/dani-home.jpg?w=1000
ភូមិករកុលសម្ព័ន្ធដានី

ថ្វីបើប្រុសៗដានីអនុញ្ញាតឱ្យមានប្រពន្ធច្រើនបាន តែត្រូវធានាឱ្យប្រពន្ធម្នាក់ៗមានខ្ទមមូលមួយជាសម្បតិ្តផ្ទាល់ ខ្លួន រួមជាមួយដីធ្លីខ្លះល្មមដាំដុះចិញ្ចឹមជីវិតបាន ។
អាចនិយាយបានថា នៅក្នុងចំណោមកុលសម្ព័ន្ធដានីក្នុងប្រទេសឥណ្ឌូណេស៊ី មានតែសហគមន៍ដានីក្នុងជ្រលង Baliem ប៉ុណ្ណោះ រក្សាការប្រតិបត្តិតាមបែបបុរាណខ្ពស់ជាងសហគមន៍ដានីក្នុងតំបន់ ឯទៀតៗ ។ ជំនូនសម្រាប់ការប្រពន្ធរបស់កុលសម្ព័ន្ធដានីគឺ ជ្រូក៤ឬ៥ក្បាលធំៗគួរសម ។ ការដែលត្រូវដោះស្រាយឱ្យប្រពន្ធម្នាក់មានខ្ទមមូលមួយដោយឡែក គឺផ្តើមចេញពីទំនៀមទម្លាប់រស់នៅដាច់គ្នា ។ ពួកគេមិនរស់នៅជាមួយគ្នាក្នុងលំនៅឋានតែមួយឡើយ ។ ខ្ទមមួយសម្រាប់តែស្ត្រីម្នាក់ បុរសម្នាក់រស់នៅជាមួយកូនៗរបស់ខ្លួនប៉ុណ្ណោះ ។

http://note4today.files.wordpress.com/2012/02/dani-family.jpg?w=1000
បុរសម្នាក់រស់នៅជាមួយកូនៗរបស់គាត់

សូម្បីប្តីប្រពន្ធក៏មិនរស់នៅជាមួយគ្នាក្រោមដំបូលតែមួយដែរ ត្រូវការគ្នាសឹមកាត់រកគ្នា រួចហើយត្រឡប់ទៅខ្ទមរបស់ខ្លួនវិញ ។
របបមាតាធិបតេយ្យនៅតែរក្សាបានក្នុងកុល សម្ព័ន្ធមួយនេះរហូតដល់សព្វថ្ងៃ, ស្រីៗរ៉ាប់រងកិច្ចការទាំងអស់ តាំងពីការងារស្រែចម្ការ រកផលានុផល ធ្វើម្ហូប មើលថែទាំកូន។ ចំណែកប្រុសៗដានីរ៉ាប់រងការងារសាងសង់ ក៏ដូចជួសជុលលំនៅឋានរបស់ប្រពន្ធ និងចេញបរបាញ់សត្វពេលណាប្រពន្ធណាម្នាក់ប្រាប់ថា អស់ម្ហូប ។

http://note4today.files.wordpress.com/2012/02/daily-food.jpg?w=1000

ពេលវេលាភាគច្រើនរបស់ប្រុសៗដានី ច្រើនតែទំនេរ ហេតុនេះតែងជួបជុំគ្នាជក់បារីហុយទ្រលោម និងព្រោកប្រាជ្ញក្នុងខ្ទមរបស់អ្នកណាម្នាក់ ។
ប្រុសៗដានីអត់ស្លៀកខោ ឬប៉ឹងទេ ពាក់តែ Koteka ធ្វើអំពីសម្បកឃ្លោកហាលស្ងួតសម្រាប់បិទបាំងប្រដាប់ភេទប៉ុណ្ណោះ ។

http://note4today.files.wordpress.com/2012/02/dani-koteka.jpg?w=1000
Koteka

នេះជាប្រភេទឃ្លោកពិសេសម្យ៉ាងរាងវែងព្រលាំបំពង់ប្ញស្សី ដែលមានតែកុលសម្ព័ន្ធដានី ទើបមានគ្រាប់ពូជឃ្លោកប្រភេទនេះ ហើយតែងដាំដុះវាជាប់ជាប្រចាំសម្រាប់ប្រុសៗប្រើការបិទបាំង អង្គជាតរបស់ខ្លួន ។ គេចោះក្បាលឃ្លោកឱ្យមានប្រហោងធំល្មមស៊កច្រកទាំងអង្គជាត ទាំងអណ្ឌៈ(ទាំងមេទាំងពង)ចូលក្នុងនោះ ហើយប្រើខ្សែចងជាប់ចង្កេះកុំឱ្យវារបូតចេញកេរ្តិ៍កណ្តាលវាល ។ រីឯផ្នែកខាងចុងសម្បកឃ្លោក គេដោតកន្ទុយកណ្តុរ Irian Jaya ដែលខ្លួនប្រមាញ់បានសម្រាប់លម្អផង សម្រាប់បង្អួតសមត្ថភាពប្រមាញ់កណ្តុរ Irian Jaya ផង។

http://note4today.files.wordpress.com/2012/02/dani-koteka-2.jpg?w=1000
បុរសពាក់Koteka

ស្រីៗកុលសម្ព័ន្ធដានីលែងខ្លួនមួយកំណាត់លើ បិទបាំងតែល្វែងក្រោមប៉ុណ្ណោះ។ ស្រី្តមានប្តីស្លៀកសំពត់ប្រពៃណីត្បាញពីស្មៅចាប់ពីចុងឆ្អឹង ជំនីរផុតចុះក្រោម, ស្រីក្រមុំស្លៀកសំពត់ត្បាញពីស្មៅចាប់ពីចង្កេះដល់ជង្គង់ ។ ក្រៅពីនេះ ស្រីៗកុលសម្ព័ន្ធដានីតែងត្បាញថង់ noken ពីសរសៃសម្បកឈើសម្រាប់ប្រើរៀងខ្លួន ។ ថ្វីបើត្បាញពីសរសៃសំបកឈើ តែថង់ noken ជាប់ល្អណាស់ទ្រទ្រង់របស់ធ្ងន់បាន ។ វាមានខ្សែសម្រាប់ស្ពាយលើស្មា, បើមិនដូច្នេះទេរុំព័ទ្ធក្បាល សម្រាប់ដាក់អុសឬចំណីអាហារ, ពេលខ្លះដាក់កូនតូចរបស់ខ្លូនដែលទើបតែចេះវារ ឬលូនក៏មាន ។

http://note4today.files.wordpress.com/2012/02/dani-leadre.jpg?w=1000

http://note4today.files.wordpress.com/2012/02/dani-comunity-3.jpg?w=1000

វប្បធម៌ដោយឡែកម្យ៉ាងទៀតរបស់កុលសម្ព័ន្ធដានី គឺស្រីៗបន្ទាប់ពីសម្រាលកូនហើយ តមដំណេកនៅជាមួយប្រុសចាប់ពី២ឆ្នាំដល់៥ឆ្នំា។ ពួកគេយល់ថា ធ្វើដូច្នេះ ដើម្បីឱ្យមនុស្សស្រីមានអារម្មណ៍មូលលើការមើលថែរក្សាកូនបាន ល្អ ដល់កូនធំបន្តិចទើបអាចរកការសប្បាយផ្ទាល់ខ្លួនបាន ។ ពីដើមប្រុសៗក្នុងកុលសម្ព័នដានី ល្បីណាស់ខាងប្រមាញ់ក្បាលមនុស្ស តែសព្វថ្ងៃស្ថិតក្រោមការគាបសង្កត់របស់អាជ្ញាធរ ពួកគេសុខចិត្តលះបង់ទំនៀមទម្លាប់នោះចោល។ ប៉ុន្តែពួកគេនៅ រក្សាទំនៀមទម្លាប់ប្រពៃណីពាក់ក្រវិលច្រមុះធ្វើពីខ្នាយជ្រូក ព្រៃ ដៃកាន់លំពែង ស្មាស្ពាយធ្នូ ព្រួញ ។

http://note4today.files.wordpress.com/2012/02/dani-1.jpg?w=1000
ក្រវិលច្រមុះធ្វើពីខ្នាយជ្រូក

សម័យមុនដែលមិនទាន់មានការអន្តរាគមន៍ពី អាជ្ញាធរ អ្នកប្រយុទ្ធដានីខ្លាំងក្លាក្នុងការធ្វើសង្រ្គាមណាស់ ច្រើនតែបានទទួលជ័យជម្នះលើអ្នកប្រយុទ្ធរបស់កុលសម្ព័ន្ធឯទៀត រាល់លើកមានការប្រយុទ្ធទន្ទ្រានដណ្តើមដែនដី និងដណ្តើមស្រី ។

http://note4today.files.wordpress.com/2012/02/dani-army.jpg?w=1000

http://note4today.files.wordpress.com/2012/02/dani-comunity.jpg?w=1000

ជ័យភ័ណ្ឌសំខាន់បំផុតរាល់ពេលប្រយុទ្ធគ្នាម្តងៗ គឺក្បាលសត្រូវ, អ្នកណាកាត់ក្បាលសត្រូវបានច្រើនជាងគេ ក្លាយជាបុគ្គលអស្ចារ្យបានទទួលការកោតសរសើរ ។ ព្រោះតែចង់បានក្បាលសត្រូវដើម្បីបង្អួតស្នាដៃខ្លួន ទើបពួកគេប្រយុទ្ធអត់រាថយ ដឹងតែសម្រុកចូលយកឈ្នះដៃ ធ្វើឱ្យម្ខាងទៀតតតាំងបានបន្តិចខ្លាចត្រូវកាត់ក្បាលក៏រត់ ប្រាសអាយុ, ទម្រាំតែត្រឡប់មកវិញ ស្រីៗក្មេងៗ ត្រូវអ្នកប្រយុទ្ធខាងកុលសម្ព័ន្ធដានីចាប់យកអស់ពីភូមិ។
ឆ្អើរសពឱ្យក្លាយទៅជាសពអប់ទុកបានយូរប្រការ ចម្លែកមួយបែបទៀតរបស់កុលសម្ព័ន្ធដានី គឺទំនៀមទម្លាប់ឆ្អើរសពមេកន្រ្ទាញរបស់ខ្លួនទុកគោរពបូជាឱ្យ បានយូរ ។

http://note4today.files.wordpress.com/2012/02/dani-leadre-2.jpg?w=1000
មេគន្ទ្រាញរបស់ដានី

សពឆ្អើរទាល់តែឡើងខ្មៅឃ្លីកដូចដុំធ្យូងនោះ កុលសម្ព័ន្ធដានីលើកតម្កើងជារតនវត្ថុ ជាវត្ថុខ្ពង់ខ្ពស់សំខាន់បំផុតក្នុងជីវភាពស្មារតីរបស់ខ្លួន។ សពមេកន្ទ្រាញក្រោយពេលស្លាប់ត្រូវបានតម្កល់ក្នុងផ្ទះមួយដែលកុល សម្ព័ន្ធដានីប្រសិទ្ធនាមថា ផ្ទះស័ក្តិសិទ្ធិ។ ទាំងផ្ទះនោះ ទាំងសពមេកន្ទ្រាញឋិតក្រោមការការពារយ៉ាងយកចិត្តទុកដាក់ពី មេកន្ទ្រាញថ្មី ។ អត់អ្នកណាចូលផ្ទះនោះបានទេ ប្រសិនបើគ្មានការអនុញ្ញាតចាំបាច់ពីមេកន្ទ្រាញថ្មី។
អ្នកណាបំពានបញ្ញត្តិដែលមានតាំងពីដូនតាមក នេះនឹងក្លាយជាអ្នកទោសឧក្រិដ្ឋ ត្រូវមនុស្សក្នុងកុលសម្ព័ន្ធព្រួតគ្នាផ្តន្ទាទោសដោយកាត់ ក្បាលចោល ។ មេកន្ទ្រាញកុលសម្ព័ន្ធដានី មានអំណាចមិនខុសពីស្តេចតូចមួយអង្គឡើយ ។ ពីដើម អ្នកបានឡើងកាន់តំណែងមេកន្ទ្រាញ គឺអ្នកប្រយុទ្ធដ៏ក្លាហានអង់អាច ពូកែជាងគេ ធ្លាប់ដឹកនាំប្រយុទ្ធរាប់មិនអស់ក្នុងការប្រយុទ្ធទន្ទ្រាន ដែនដីកុលសម្ព័ន្ធឯទៀត។ មេកន្ទ្រាញជាអ្នកឯកទេសខាងប្រមាញ់ក្បាលមនុស្ស និងដឹកនាំការប្រយុទ្ធប្រមាញ់ក្បាលមនុស្ស ។
នៅពេលឈឺធ្ងន់ដឹងខ្លួនមិនអាចរស់បានតទៅទៀត មេកន្ទ្រាញដ៏ល្បីល្បាញនោះ ប្រកាសកំណត់យកអ្នកណាម្នាក់ឡើងស្នងតំណែងខ្លួន ដើម្បីដឹកនាំកុលសម្ព័ន្ធទាំងមូល ។ ការសម្រចយកមេកន្ទ្រាញបន្ទាប់ គឺជាសិទ្ធិផ្តាច់មុខរបស់គាត់ ត្រូវគោរពតាមទាំងអស់គ្នា ។ លុះមេកន្ទ្រាញស្លាប់ទៅ មេកន្ទ្រាញថ្មីមានភារកិច្ចអប់សពមេកន្ទ្រាញមុនទុកសម្រាប់ឱ្យកុល សម្ព័ន្ធគោរពបូជា។ គោលដៅនៃការអប់សពទុក គឺទី១-ដើម្បីជាការរំលឹកដល់គុណបំណាច់គាត់កាលនៅរស់ ទី២-ដើម្បីឱ្យកុលសម្ព័ន្ធដានីទាំងមូលមានសំណាងល្អ បានដួងព្រលឹងមេកន្ទ្រាញមុនតាមថែរក្សាការពារ ។
http://note4today.files.wordpress.com/2012/02/dani-leader-1.jpg?w=1000

http://note4today.files.wordpress.com/2012/02/dani-man-with-the-500-year-old-mummy.jpg?w=1000

http://note4today.files.wordpress.com/2012/02/dani-man-with-the-500-year-old-mummy-of-his-villages-former-chief.jpg?w=1000

មេគន្ទ្រាញ ជាមួយសពអប់មានអាយុកាល៥០០ឆ្នាំ

កុលសម្ព័ន្ធដានី មានរបៀបទុកដាក់សពច្រើនបែប តែភាគច្រើននិយមបូជា បន្ទាប់ពីបូជារួចយកធាតុទៅបញ្ចុះភ្លាម ។ កន្លែងបញ្ចុះធាតុ ត្រូវបានគេពូនដីឱ្យខ្ពស់ជាងផ្ទៃដីជុំវិញបន្តិច ងាយសម្គាល់ដឹង តែមិនខ្ពស់ដូចផ្នូរជនជាតិឯទៀតឡើយ ។ មានតែមេកន្ទ្រាញដែលជាបុគ្គលដ៏មហិមាទើបគេអប់សពទុក តែក៏ត្រូវបានមេកន្ទ្រាញរូបនោះខ្លួនឯងអនុញ្ញាតមុនពេលស្លាប់ដែរ ទើបធ្វើបាន ។ មេកន្ទ្រាញខ្លះមិនចង់ឱ្យគេអប់សពខ្លួន ព្រោះអាក្រក់មើលពេក ដូច្នេះសពគាត់ត្រូវចាត់ចែងតាមរបៀបផ្សេងដែលមេកន្ទ្រាញថ្មី ជាអ្នកកំណត់។
ព្រោះតែដូច្នេះ ទើបឆ្លងកាត់ប៉ុន្មានពាន់ឆ្នាំមកហើយ សពអប់មេកន្ទ្រាញមានតិចតួច ។ នៅជ្រលងភ្នំ Baliem ទាំងមូល អ្នកស្រាវជ្រាវរកឃើញប្រមាណ១០សពប៉ុណ្ណោះ ដែលសពខ្លះមានអាយុកាលរាប់រយឆ្នាំមកហើយ ។ និយាយថា អប់សព តែតាមពិតឆ្អើរបំពក់ផ្សែងទៅវិញទេ គឺឆ្អើរទាល់តែក្រៀមមែនទែន ដើម្បីទុកគោរពបូជាបានយូរ។ កិច្ចការឆ្អើរសពនេះធ្វើក្នុងផ្ទះមេកន្ទ្រាញតែម្តង ហើយអ្នកមានសិទ្ធិចូលក្នុងផ្ទះនោះដើម្បីឆ្អើរសព គឺមេកន្ទ្រាញថ្មី ព្រោះកិច្ចការពិសិដ្ឋមានតម្លៃក្រៃលែង មនុស្សធម្មតាមិនអាចលូកដៃបានឡើយ សូម្បីដើរទៅជិតផ្ទះធ្វើកិច្ចការពិសិដ្ឋនោះក៏មិនបានផង។
ដំបូងបំផុត មេកន្ទ្រាញថ្មី ខ្វេះត្រង់ចង្កេះសព បារយកគ្រឿងក្នុងចេញទាំងអស់ ហើយរៀបចំរាងកាយសពឱ្យឋិតក្នុងឥរិយាបថអង្គុយបញ្ឈរជង្គង់ ផ្អឹបចូលទ្រូង យកខ្សែចងណែនកុំឱ្យរលាចេញបាន បន្ទាប់មកទើបលើកសពដាក់លើចង្អើរដែលរៀបចំហើយស្រេច ។ ចង្អើរសម្រាប់ឆ្អើរសពមានកម្ពស់ពី១ម៉ែត្រដល់១,៥ម៉ែត្រ។ លុះដាក់សពឱ្យអង្គុយលើចង្អើរ និងរៀបឈើទប់ជុំវិញជាប់ល្អហើយ មេកន្ទ្រាញថ្មីចាប់ផ្តើមបង្កាត់ភ្លើងដុតពីក្រោមឱ្យកម្តៅជះ ឡើងត្រង់ជាមួយផ្សែងខ្មួលខ្មាញ់ ។ ធ្វើយ៉ាងនេះជាប់រហូតទាំងថ្ងៃទាំងយប់។ ខ្លាញ់ក្នុងខ្លួនសពចេះតែហូរស្រក់ចុះតាមរន្ធចោះត្រង់ចង្កេះ។
បើសម្គាល់ឃើញខ្លាញ់ស្ទះត្រង់ណាមិនអាចហូរ តាមរន្ធនោះបានមេកន្ទ្រាញថ្មីយកម្ជុលធំចាក់ទម្លុះស្បែកឱ្យ ខ្លាញ់ស្ទះនោះហូរចេញបានស្រួល ។ រយៈពេលឆ្អើរសពមិនមែនធ្វើត្រឹមតែមួយថ្ងៃមួយយប់ ឬពីរបីថ្ងៃពីរបីយប់ចប់ទេ គឺប្រព្រឹត្តជាប់រហូតចាប់ពីមួយខែ ទៅដល់បីខែក៏មាន ទាល់តែពេលណាសពរួញខ្លីដូចគល់អុស និងឡើងខ្មៅដូចធ្យូងមួយដុំមើលពីចម្ងាយសឹងថាមិនដឹងសព មនុស្ស ទើបសន្មតថាចប់ការងារ។ ដល់ពេលនោះ សពអស់ខ្លាញ់ និងទឹកពីក្នុងខ្លួនទៅហើយ ថែមទាំងសាច់ក៏ស្ងួតរឹងកំព្រឺសទៀត ទម្ងន់នៅសល់តិចតួចបំផុត ញ៉ឹងដៃម្ខាងធូរល្ហុយ ។
គេមិនដឹងច្បាស់ថា សពឆ្អើរទាល់តែដូចដុំធ្យូងបែបនេះអាចរក្សាទុកបានយូរប៉ុន្មាន ទេ តែកន្លងមកអ្នកស្រាវជ្រាវពិនិត្យឃើញសពខ្លះមានអាយុកាល ៥០០ឆ្នាំទៅហើយ នៅតែអត់ទាន់ខូចទៀត ។ សពដែលមានអាយុកាលតិចជាងគេដែលបានពិនិត្យឃើញគឺ ជាង២០០ឆ្នាំ។ នេះបើតាមការរុករកកន្លងមករបស់ក្រុមស្រាវជ្រាវ។ ផ្ទះឆ្អើរសពមេកន្ទ្រាញ ផ្ទះខ្លះជួសជុលរាប់សិបដងទៅហើយ តែសពមេកន្ទ្រាញនៅដដែល។ កុលសម្ព័ន្ធដានីមានជំនឿថាមេកន្ទ្រាញរបស់ខ្លួនជាបុគ្គលអមតៈ តែងស្ថិតស្ថេររហូតជាមួយការស្ថិតស្ថេរលើផែនដីរបស់កុលសម្ព័ន្ធ ដានី ដើម្បីថែរក្សាការពារកុលសម្ព័ន្ធដែលខ្លួនធ្លាប់ដឹកនាំកន្លងមក។ រាល់ឱកាសប្រារព្ធពិធីបុណ្យតាមប្រពៃណីកុលសម្ព័ន្ធ មេកន្ទ្រាញថ្មីត្រូវរៀបចំសែនព្រេនមេកន្ទ្រាញចាស់ជាមុនសិន។
សំណែនរួមមានជ្រូក និងមាន់ ជារបស់សំខាន់ជាងគេដែលមិនអាចខ្វះបាន។ សែនមេកន្ទ្រាញចាស់រួចរាល់ទើបដល់ពិធីឯទៀត ក៏ដូចជាដល់ពេលមេកន្ទ្រាញថ្មីមានសិទ្ធិលើកសពមេកន្ទ្រាញចាស់ ចេញក្រៅផ្ទះឱ្យសមាជិកកុលសម្ព័ន្ធបានឃើញផ្ទាល់ភ្នែក និងបានគោរពបូជា។ គេនាំគ្នាយកកម្រងគ្រឿងអលង្ការផ្សេងៗពាក់នៅ.កសព ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន។ សពអប់មេកន្ទ្រាញចាស់ទាល់តែអ្នកមានអំណាចលើគេទើបមានសិទ្ធិ មើលថែរក្សា និងលើកចេញពីផ្ទះឱ្យឃើញជាសាធារណៈ។ អ្នកនោះគឺមេកន្ទ្រាញថ្មីហ្នឹងឯង។ មានសពអប់នៅជាមួយខ្លួន មេកន្ទ្រាញថ្មីកាន់តែមានអំណាច និងបានទទួលការគោរពខ្លាំងឡើង។
សហគមន៍ណាមានសពអប់មេកន្ទ្រាញចាស់ តែងមានមោទនភាព ព្រោះបានសហគមន៍កុលសម្ព័ន្ធដានីនៅកន្លែងឯទៀតកោតសរសើរយ៉ាង ខ្លាំង។

ទំនៀមទម្លាប់ប្រពៃណីកាត់ម្រាមដៃពេលមានសាច់ញាតិស្លាប់កុលសម្ព័ន្ធ ដានីមិនត្រឹមតែត្រូវបានគេចាប់អារម្មណ៍ដោយសារទំនៀមទម្លាប់រស់នៅ ក្នុងខ្ទមផ្សេងៗគ្នា និងឆ្អើរសពមេកន្ទ្រាញទុកគោរពបូជាប៉ុណ្ណោះទេ នៅមានទំនៀមទម្លាប់ស្ម័គ្រចិត្តធ្វើទុក្ករកម្មគួរឱ្យញាក់សាច់ដ៏ ចម្លែកមួយទៀត គឺកាត់ម្រាមដៃខ្លួនឯងជាការកាន់ទុក្ខចំពោះអ្នកបាត់បង់ជីវិត។
ត្រូវបានចាត់ទុកជាកុលសម្ព័ន្ធយុគថ្មក្នុង សតវត្សទី២១ ព្រោះកុលសម្ព័ន្ធដានីនៅរក្សាខ្ជាប់ខ្ជួនទំនៀមទម្លាប់បុព្វកាល របស់ខ្លួនរហូតដល់សព្វថ្ងៃ ពិសេសទំនៀមទម្លាប់កាត់ម្រាមដៃ ទោះអ្នកណាពេបជ្រាយថាហួសសម័យយ៉ាងម៉េចក៏ដោយ។ រាល់ពេលមានសាច់ញាតិណាម្នាក់ស្លាប់ មិនថាស្លាប់ដោយប្រការអ្វីទេ មនុស្សស្រីដែលជាប់សាច់ឈាមត្រូវតែកាត់ម្រាមដៃខ្លួនឯងមួយ ២ថ្នាំង ជាការកាន់ទុក្ខសម្តែងការនឹករលឹកគ្មានពេលស្បើយ។

http://note4today.files.wordpress.com/2012/02/dani-woman.jpg?w=1000

អ្នកខ្លះរហូតដល់កាត់ម្រាមដៃម្តងថ្នាំងក៏មាន។ សម្រាប់កុលសម្ព័ន្ធដានី ការបាត់បង់សាច់ញាតិមិនមែនគ្រាន់តែជាការឈឺចាប់ផ្លូវចិត្តទេ រូបកាយក៏ឈឺចាប់ដែរ។
ហេតុនេះសូមមិត្តកុំភ្ញាក់ផ្អើលពេលទៅដល់ តំបន់រស់នៅរបស់កុលសម្ព័ន្ធដានី ហើយឃើញស្រីៗក្នុងកុលសម្ព័ន្ធនោះពិការម្រាមដៃ។ ពួកគេពិការដោយការធ្វើទុក្ករកម្មខ្លួនឯង មិនមែនដោយសារអ្នកណាធ្វើទារុណកម្មឡើយ។ បាត់ម្រាមដៃមួយថ្នាំងមានន័យស្មើនឹងស្ត្រីនោះបាត់បង់សាច់ញាតិ ម្នាក់។ ទំនៀមទម្លាប់នេះ កុលសម្ព័ន្ធដានីហៅថា Ikipalin។ តាមទស្សនៈរបស់កុលសម្ព័ន្ធដានី ការបាត់បង់ម្រាមដៃនឹងធ្វើឱ្យការនឹករលឹកចំពោះអ្នកស្លាប់ទៅ កាន់តែដិតដាមជ្រៅក្នុងអារម្មណ៍ថែមទៀតអស់មួយជីវិត។ ប៉ុន្តែពេលខ្លះគេក៏យល់ថាកាត់ម្រាមដៃជំនួសឱ្យការទួញសោករីងរៃ ជារៀងរហូតដែរ។
ដើម្បីកាត់ម្រាមដៃខ្លួនឯងមួយថ្នាំង ឬ២ថ្នាំង ស្ត្រីក្នុងកុលសម្ព័ន្ធដានីប្រើដុំថ្មមានមុខមុត ព្រោះពួកគេនៅប្រើប្រាស់ថ្មជាឧបករណ៍កាត់ ពុះច្រៀកនៅឡើយ សមនឹងពាក្យថា កុលសម្ព័ន្ធយុគថ្មពិតមែន។

http://note4today.files.wordpress.com/2012/02/dani-equipment.jpg?w=1000
កាំបិតធ្វើពីថ្ម

ការកាត់ម្រាមដៃដោយដុំថ្មទម្រាំតែដាច់មានការឈឺចាប់ខ្លាំង សម្បើមណាស់, មិនតែប៉ុណ្ណោះផលវិបាកក៏មានច្រើន ព្រោះម្រាមដៃមិនបានដាច់ត្មិលភ្លាមដូចកាត់នឹងកាំបិតឯណា, ទាល់តែដំច្រើនដងទើបដាច់អស់ ឯឆ្អឹងត្រង់កន្លែងកាត់នោះក៏មានបែកជាបំណែកតូចៗទៀត។ ដូច្នេះត្រូវព្យាបាលយូរ។ ក្រោយកាត់បានហើយ គេប្រើស្លឹកឈើសម្រាប់ឃាត់ឈាម និងព្យាបាលម្រាមដៃអស់ជាច្រើនខែទម្រាំជា។ ថ្វីបើកឈឺចាប់ខ្លាំង និងប្រឈមមុខការឆ្លងមេរោគបង្កឱ្យរលេះរលួយច្រើនខែ តែទំនៀមទម្លាប់កុលសម្ព័ន្ធដានីប្រតិបត្តិរាប់ពាន់ឆ្នាំមកហើយ គ្មានបំណងផ្លាស់ប្តូរ ឬបោះបង់ចោលឡើយ។

http://note4today.files.wordpress.com/2012/02/dani-woman-2.jpg?w=1000

តាមការឱ្យដឹងពីចាស់ៗក្នុងកុលសម្ព័ន្ធដានី ដែលចេះចាំរឿងរ៉ាវច្រើន គឺកាលដើមឡើយស្រីៗត្រូវកាត់ត្រចៀកម្តងមួយចំណិតរាល់ពេលមានសាច់ ញាតិណាម្នាក់ស្លាប់ តែក្រោយមកគេប្តូរមកកាត់ម្រាមដៃវិញ ដើម្បីកុំឱ្យអាក្រក់មើលពេក។ រីឯការកាត់ម្រាមដៃនេះ ក៏មិនមែនធ្វើភ្លាមៗបន្ទាប់ពីមានសាច់ញាតិណាម្នាក់ស្លាប់ដែរ គឺធ្វើបន្ទាប់ពីកាន់ទុក្ខតាមរបៀបយកភក់បាតស្ទឹងមកប៉ាតមុខ មាត់ និងខ្លួនប្រាណក្នុងរយៈពេលចាត់ចែងសពសិន, ទាល់តែចាត់ចែងសពរួចរាល់ទើបគេលាងជម្រះខ្លួនឱ្យស្អាតបាតវិញ ហើយគិតគូររឿងកាត់ម្រាមដៃជាក្រោយតាមពេលវេលាសមស្របណាមួយក៏ បាន កុំឱ្យតែបង្អែបង្អង់យូរពេក។
ស្ត្រីម្នាក់ឈ្មោះ Mereka លាបាតដៃទាំង២ឱ្យអ្នកទេសចរមើល ឃើញសល់តែម្រាមបួនប៉ុណ្ណោះនៅគង់វង្សល្អ គិតទាំងមេដៃផង ក្រៅពីនោះសុទ្ធតែអស់២ថ្នាំង។ Mereka ថាមកពីខ្លួនបាត់បង់សាច់ញាតិច្រើនពេកទើបសល់តែម្រាមដៃ ប៉ុណ្ណឹង។ គាត់និយាយបន្តថា ពេលមានបងប្អូន ឬសាច់ញាតិណាម្នាក់ស្លាប់ គាត់មិនហ៊ានព្រងើយកន្តើយទេ ប្រញាប់ប្រញាល់រកភក់បាតស្ទឹង ឬព្រែកប៉ាតពេញមុខមាត់ដៃជើង និងខ្លួនប្រាណទាំងមូល ដែលការធ្វើបែបនេះគេហៅថា កាន់ទុក្ខជំហានដំបូង។ ស្ត្រីណាក៏ធ្វើអ៊ីចឹងដែរឱ្យតែជាប់សាច់ឈាមជាមួយអ្នកស្លាប់។ ការកាន់ទុក្ខជំហានដំបូងនោះ ធ្វើពេញរយៈពេលចាត់ចែងសព, លុះចាត់ចែងសពរួចរាល់ហើយ ត្រូវរកឱកាសសមស្របអនុវត្តការកាន់ទុក្ខជំហានទី២ទៀត គឺកាត់ម្រាមដៃ។
ស្ត្រីឈ្មោះ Mereka អះអាងថា ក្នុងករណីអស់ម្រាមដៃសម្រាប់កាត់ ត្រូវកាត់ស្លឹកត្រចៀកបើអស់ស្លឹកត្រចៀកទៀតកាត់ច្រមុះ។ អ្នកណាត្រូវកាត់ដល់ច្រមុះទៀតមុខមាត់អាក្រក់មើលណាស់, ក្មេងៗឃើញរត់បះសក់។ របៀបកាត់ម្រាមដៃដែលជាជំហានកាន់ទុក្ខទី២នេះ, បើតាមការឱ្យដឹងពីស្ត្រីឈ្មោះ Mereka គឺធ្វើយ៉ាងសម្ងាត់បំផុត មិនមែនធ្វើចំហឱ្យគេឃើញទេ លុះត្រាកាត់រួចរាល់ទើបឱ្យគេឃើញបាន។ ស្រីៗតែងលួចលាក់សំលៀងមុខដុំថ្ម ឬដឹងធ្វើពីថ្ម, សំលៀងឱ្យមុតដោយអត់ប្រាប់អ្នកណាទាំងអស់ រួចហើយចូលព្រៃរកកន្លែងស្ងាត់កាត់ម្រាមដៃខ្លួនឯង, កាត់បានហើយត្រឡប់មកភូមិបង្ហាញឱ្យគេឯងមើល។
ពេលនោះ អ្នកភូមិរួមគ្នាយកឆ្អឹងស្មងជើងបក្សី caswari (បក្សីម្យ៉ាងធំប្រហាក់ប្រហែឥន្ទ្រី) សំលៀងឱ្យមុតជួយកាត់យកចេញនូវបំណែកឆ្អឹងថ្នាំងម្រាមដៃដែលបែកនៅ ជាប់នឹងសាច់, យកចេញទាល់តែអស់ ទើបបេះស្លឹកឈើព្រៃបុកឱ្យហ្មត់បំពោកចូល និងរុំវិញ។

http://note4today.files.wordpress.com/2012/02/dani-equipment2.jpg?w=1000
កាំបិតធ្វើពីឆ្អឹងសត្វ

ស្នាមដំបៅកន្លែងកាត់នោះកជាខ្ទុះចុកចាប់ច្រើនខែទម្រាំជា, ជួនកាលឆ្លងមេរោគមើលមិនជាបណ្តាលឱ្យស្លាប់ទៀតផងក៏មាន។ ប៉ុន្តែសម្រាប់ស្ត្រីកុលសម្ព័ន្ធដានី ទោះកាត់ម្រាមដៃហើយមានការចុកចាប់យ៉ាងណាក៏មិនបោះបង់ការងារ ប្រចាំថ្ងៃរបស់ខ្លួន ដោយនៅតែចូលព្រៃរកផ្លែឈើ មើមឈើ ឬប្រមាញ់សត្វតូចៗល្មមនឹងកម្លាំងខ្លួន ព្រោះថាការចុកចាប់ស្នាមរបួសប៉ុណ្ណឹងមិនអាចប្រៀបផ្ទឹមការឈឺ ចាប់ដោយសារបាត់បង់សាច់ញាតិឡើយ។
ស្ត្រីឈ្មោះ Mereka បញ្ជាក់ថា កុលសម្ព័ន្ធដានីគ្មានថ្នាំអ្វីផ្សេងសម្រាប់ជួយរម្ងាប់ ឬកាត់បន្ថយការចុកចាប់ទេ, ចេះតែត្រឹមប្រើស្លឹកឈើព្រៃដែលធ្លាប់ប្រើតៗគ្នាសម្រាប់ព្យបាល ប៉ុណ្ណោះ។ អ្នកខ្លះឆាប់ជា អ្នកខ្លះក្រជា អ្នកខ្លះទៀតស្នាមរបួសចេះតែស៊ីរាលដាលរហូតដល់ស្លាប់ក៏មាន។ ការកាត់ម្រាមដៃនេះមានការឈឺចាប់ខ្លាំងណាស់ តែទោះឈឺចុកចាប់យ៉ាងណាក៏ត្រូវខិតខំធ្វើការប្រចាំថ្ងៃ ព្រោះវាជាទំនៀមទម្លាប់តាំងពីដើមរៀងមក មិនអាចគេចវេះបានទេ, វៀរលែងតែស្នាមដំបៅដល់ថ្នាក់ឡើងកូនកណ្តុរក្តៅខ្លួនសន្លប់ សន្លិនលើកដៃលើកជើងលែងរួច ទើបអាចផ្អាកការងារសម្រាកនៅផ្ទះមួយរយៈបាន។ ការកាត់ម្រាមដៃនេះ សូម្បីប្រុសៗខ្លះក៏ធ្វើតាមស្រីៗដែរ ដើម្បីសម្តែងក្តីនឹករលឹកសោកស្តាយចំពោះអ្នកស្លាប់ទៅ។

http://note4today.files.wordpress.com/2012/02/dani-daily-action.jpg?w=1000
http://note4today.files.wordpress.com/2012/02/dani-comunity-2.jpg?w=1000

ប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្វីបើការងារទេសចរណ៍រីកចម្រើនខ្លាំង មានអ្នកទេសចរច្រើនឡើងៗទៅដល់តំបន់ភូមិកររបស់កុលសម្ព័ន្ធដានី ពិសេសទៅជ្រលងភ្នំ Baliem តែការរស់នៅរបស់កុលសម្ព័ន្ធដានីនេះគ្មានការប្រែប្រួលខុសពីមុន ឡើយ ទំនៀមទម្លាប់ប្រពៃណីហួសសម័យពីមុនមកយ៉ាងណា ពួកគេនៅតែរក្សាប្រតិបត្តិតាមយ៉ាងនោះដដែលអត់មានកែលម្អបន្ធូរបន្ថយ ឬបោះបង់ចោលសោះ ៕
——————————–
ឯកសារស្រាវជ្រាវប្រទេសឥណ្ឌូណេស៊ី

បានផ្សាយ ខែ​កុម្ភៈ 9, 2012 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង ការសិក្សាស្រាវជ្រាវ

បានដាក់ប្លាក ជាមួយ

តាមដាន

Get every new post delivered to your Inbox.